ព័ត៌មានទាន់ហេតុការណ៍៖

តៃវ៉ាន់បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់ចិន

ចែករំលែក៖

នៅថ្ងៃទី១ខែកញ្ញា កម្លាំងការពារឆ្នេរសមុទ្រកោះតៃវ៉ាន់បានឱ្យដឹងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបានចូលមកដែនអាកាសនៅលើកោះ Kinmen។
សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងទាហានកោះតៃវ៉ាន់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលចូលដល់តំបន់ហាមឃាត់នៅជិតកោះ Kinmen នៅថ្ងៃទី ១ខែកញ្ញា។ ក្រុមទាហានកោះតៃវ៉ាន់ បានបណ្តេញយន្តហោះគ្មានមនុស្សបើក ដូច្នេះទាហានកោះតៃវ៉ាន់ក៏បានសម្រេចបើកការវាយប្រហារ តែម្តង។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ក្នុងរបាយការណ៍មួយស្តីពីយោធាចិន ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា ទីក្រុងប៉េកាំងបាននិងកំពុងសំងំធ្វើការហ្វឹកហ្វឺនវាយប្រហារទៅលើក្រុមនាវាយោធារបស់សហរដ្ឋអាមេរិក ហើយកំពុងមានគោលដៅរារាំងមិនឱ្យ កងកម្លាំងបរទេសចូលមកជួយកោះតៃវ៉ាន់នៅពេលដែលសង្រ្គាមផ្ទុះឡើង។
នៅក្នុងរបាយការណ៍ខាងលើដែលផ្ញើទៅកាន់សភាតៃវ៉ាន់ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ចិនកំពុងបន្តពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួនសម្រាប់ការវាយប្រហារមកលើដែនកោះនេះ។ ទីក្រុងប៉េកាំងបានផ្តោតសំខាន់ជាពិសេសទៅលើតំបន់គេហៅថា ខ្សែកោះយុទ្ធសាស្រ្តទី១ ដែលគិតចាប់ពីភាគខាងត្បូងនៃប្រទេសជប៉ុន ហើយរត់កាត់តាមតៃវ៉ាន់, ហ្វីលីពីន រហូតទៅដល់កោះBorneo។
បើតាមការអះអាងក្នុងរបាយការណ៍ គឺចិនបាននិងកំពុងប្រើប្រាស់ការធ្វើសមយុទ្ធដើម្បីជាឱកាសហាត់សមវាយប្រហារទៅលើ ក្រុមនាវាចម្បាំងរបស់អាមេរិកដែលធ្វើដំណើរចូលមកកាន់តំបន់ខ្សែកោះយុទ្ធសាស្រ្តខាងលើ ហើយទីក្រុងប៉េកាំងមានគោលដៅ សម្រេចឱ្យបាននូវការគ្រប់គ្រងជាយុទ្ធសាស្រ្តលើតំបន់ខ្សែកោះនោះ នៅត្រឹមឆ្នាំ២០៣៥។
កាលពីក្នុងខែសីហាកន្លងទៅនេះ ភាពតានតឹងរវាងតៃវ៉ាន់នឹងចិនបានកើនឡើងកម្តៅជាខ្លាំងក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) នៅកោះតៃវ៉ាន់ ដែលបានបង្កឱ្យទីក្រុងប៉េកាំងមានការខឹងសម្បាជាខ្លាំង ដ្បិតចិនចាត់ទុកវាគឺជាសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖