ខេត្តព្រះសីហនុ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រំដោះខ្លួនតាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ពាក់ព័ន្ធការចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុនមួយកន្លែងស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញាម្សិលមិញនេះ។ នេះបេីយោងតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០២ ខែកញ្ញា ឆ្នាំ២០២២។
លោកអ្នកនាំពាក្យរូបនេះ បានថ្លែងបន្តថា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុនខាងលើនេះ បានស្រាវជ្រាវស្វែងរក ឃើញជនរងគ្រោះចំនួន០១នាក់ មានឈ្មោះ OOI BOO WEN ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិម៉ាឡេស៊ី។
គួរបញ្ជាក់ដែរថា ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចក៏បាននាំអ្នកគ្រប់គ្រងជនជាតិចិនម្នាក់ ភេទប្រុស មកធ្វើការសាកសួរតាមនីតិវិធីជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្តតាមនីតិវិធីច្បាប់៕
ដោយ៖សហការី