ព័ត៌មានទាន់ហេតុការណ៍៖

បើជាសំណេររបស់កូនស្រីតបមកម្តាយ ! សំណេរនេះ ពិតជាគ្រោះថ្នាក់ណាស់សម្រាប់យុវជនរបស់យើង ដែលបានលង់ជឿលើ LDP!

ចែករំលែក៖

ភ្នំពេញ ៖ សូមធ្វើការពិចារណា តាមទស្សនៈយល់ឃើញរៀងៗខ្លួនដោយការគួរ នូវខាងក្រោមនេះជាសំណេរមួយ ដែលគេថា ជាខ្លឹមសាររបស់កូនស្រីឆ្លើយតបជាមួយម្តាយ!

ទោះជាចេញជាហេតុផលបែបនេះក៏ដោយ យើងក៏មិនទាន់ជឿជាក់ថា ជាសំណេរកូនស្រីឡើយ! ឫជាការរៀបចំខ្លឹមសារពីក្រុមដឹកនាំរបស់ LDP? សំណេរនេះ ពិតជាគ្រោះថ្នាក់ណាស់សម្រាប់យុវជនរបស់យើង ដែលបានលង់ជឿលើ LDP! សូមអាន ហើយគិតចុះ ! 

សំណេរកូនស្រីគាត់

ជីវិតមនុស្សមុននិងក្រោយគង់តែស្លាប់ព្រាត់ប្រាស់ចាកចោលគ្នាទេ។ ស្លាប់មុនឬស្លាប់ក្រោយក៏មិនមានអ្វីចម្លែកដែរ តែអ្វីដែលសំខាន់នោះ គឺការរស់នៅអោយបានជាទីពឹងដល់មនុស្សខ្សត់ខ្សោយ តែមិនមែនការរស់នៅដើម្បីតែខ្លួន និងក្រុមគ្រួសារខ្លួនតែប៉ណ្ណោះទេ! ការដឹកនាំជីវិតតាមបែបសត្វអាត្មានិយមយ៉ាងនេះជាការដឹកនាំជីវិតដ៏ងងឹត និងថោកទាបបំផុត។ វាការដឹកនាំជីវិតតាមសភាវគតិរបស់សត្វ ខ្ញុំមិនត្រូវការជីវិតបែបសត្វដែលបន្តពីមេបាមួយទៅមេបាក្រោយដូចសត្វជ្រូកអញ្ចឹងទេ សូមម៉ាក់ និងប៉ាបន្តជីវិតតាមលំនាំសត្វជ្រូកហ្នឹងទៅ ខ្ញុំមានលំនាំនៃការដឹកនាំជីវិតរបស់ខ្ញុំហើយ។

ខ្ញុំត្រូវការសេរីភាព ខ្ញុំចង់ប្រើជីវិតខ្ញុំដោយខ្លួនឯង មិនចាំបាច់មានអ្នកណាមកចាត់ចែងជីវិតខ្ញុំជំនួសខ្ញុំទេ។ បើប៉ាម៉ាក់បានអានសំបុត្រនេះហើយ កុំតាមរកខ្ញុំអី ព្រោះថាខ្ញុំមិនមកផ្ទះវិញជាដាច់ខាត ទោះបីជាខ្ញុំពិបាកប៉ុណ្ណា រស់ ឬស្លាប់ ក៏ខ្ញុំនៅសប្បាយចិត្តជាងរស់នៅជាមួយអ្នកដែលមិនយល់ពីខ្ញុំ មិនដែលស្ដាប់ហេតុផលខ្ញុំ គិតតែពីបង្ខំឳ្យខ្ញុំធ្វើតាមតែចិត្តខ្លួនឯង។

មួយជីវិតខ្ញុំនេះ ខ្ញុំមិនមែនរស់នៅដោយសារកិត្តិយសដូចប៉ាម៉ាក់ទេ ខ្ញុំក៏គ្មានកិត្តិយសដូចប៉ាម៉ាក់ដែរ ហើយខ្ញុំក៏មិនដែលចង់បានទ្រព្យរបស់ប៉ាម៉ាក់ទៀតផង របស់ទ្រព្យទាំងអស់ហ្នឹង វាគ្មានតម្លៃសម្រាប់ខ្ញុំទេ ខ្ញុំក៏គ្មានស្ដាយស្រណោះនឹងអ្វីដែលជារបស់អ្នកទាំងពីរដែរ។ ទ្រព្យសម្បត្តិដែលខំរកបានទាំងប៉ុន្មានទុកចាយខ្លួនឯងទៅ ឬទុកឳ្យកូនដែលគេនៅជាមួយហ្នឹងទៅចុះ ខ្ញុំចេញពីផ្ទះនេះ ក៏ខ្ញុំមិនបានស្ពាយរបស់ប៉ាម៉ាក់ទៅដែរ។ ខ្ញុំធុញនឹងរស់នៅផ្ទះនេះណាស់ មនុស្សខ្លះនិយាយថាស្រឡាញ់កូនណាស់ ប៉ុន្តែមិនដែលស្ដាប់ហេតុផលកូនទាល់តែសោះ  ឳ្យកូនធ្វើតាមតែចិត្តខ្លួនឯង អញចង់ធ្វើអី អញចង់បានអី  អញពេញចិត្តអី កូនត្រូវតែធ្វើឳ្យអញ កូនត្រូវតែធ្វើតាមអញ អញជាម៉ែឪ អញនិយាយមិនដែលខុស អញធ្វើអីមិនដែលខុស អញមានបទពិសោធន៍ច្រើនវា អញមិនចាំបាច់ស្ដាប់វា អញមានគុណលើក្បាលវា អញបង្កើតក្បាលវា វាត្រូវតែសងគុណ ចាំចិញ្ចឹមអញពេលចាស់ទៅ។ល។ ហ្នឹងមែនស្រឡាញ់កូន ស្រឡាញ់កូនគេធ្វើអញ្ចឹងមែន? ស្ដាប់តែអ្នកដទៃ មាត់អ្នកដទៃសំខាន់ជាងកូនទៅទៀត ធ្វើអីដើម្បីតែបិទបាំង ការពារកិត្តិយស កេរ្តិ៍ឈ្មោះ ងាប់រស់តែនឹងពាក្យកិត្តិយសហ្នឹងឯង ធ្វើអីដើម្បីតែកិត្តិយស ដើម្បីតែគេសសើរ ដើម្បីតែសម្ញែងអួតគេ ដើម្បីតែល្អមើល រហូតចិញ្ចឹមកូនដើម្បីតែកិត្តិយសខ្លួនឯង។ល។ ត្រង់ណាដែលថាស្រឡាញ់កូន?សុទ្ធតែដើម្បីខ្លួនឯងទាំងអស់ហ្នឹង! មនុស្សស្រឡាញ់តែខ្លួនឯង មិនដែលស្រឡាញ់អាណាជាងពីខ្លួនឯងផង មួយជីវិតនេះធ្វើគ្រប់យ៉ាងដើម្បីតែខ្លួនឯងសោះហ្នឹង នៅហ៊ានថាស្រឡាញ់កូនទៅកើតដែរ។ បើឪពុកម្ដាយគេស្រឡាញ់កូនមែន គេស្វែងយល់ពីកូនគេហើយ គេមិនមែនគិតតែពីបង្ខំកូនឳ្យធ្វើតាមតែចិត្តខ្លួនឯងរួចហើយតាំងថាកូនចូលចិត្ត កូនពេញចិត្ត កូនស្រឡាញ់ កូនគិតអីដូចតែដូចខ្លួនឯង ចាំបាច់អីទៅសួរវា ចាំបាច់អីត្រូវស្ដាប់វា អញម៉ែឪវា វាត្រូវតែតាមអញ។ ចិញ្ចឹមកូនដូចចិញ្ចឹមសត្វ នៅពីតូចឳ្យរៀន ធំបន្តិចចាប់គ្នាបង្កាត់ពូជ រួចហើយរកស៊ីចិញ្ចឹមកូនចិញ្ចឹមចៅតៗគ្នាទៅទៀតហើយ។ មិនដឹងជារស់ធ្វើស្អីផង រស់ៗៗៗៗបាន៣០ ៤០ឆ្នាំងាប់ទៅបាត់ ហើយបង្រៀនកូនចៅជំនាន់ក្រោយឳ្យរស់តាមអញ្ចឹងទៀតហើយ តៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ មើលទៅដូចគ្មានបានជាប្រយោជន៍ស្អីផង ហើយមិនខុសពីសត្វផងហ្នឹង។ ហឹយ! ធុញណាស់លោកអឺយ! វេទនាចិត្តណាស់ មួយជីវិត មិនដែលហ៊ានធ្វើអីដែលចេញពីចិត្តទេ ព្រោះខ្លាចខ្មាសគេ ខ្លាចអ្នកគេថាអន់ ខ្លាចគេមិនសសើរ ខ្លាចមិនថ្លៃថ្នូរ ….។ ណ្ហ្ហើយ! ខ្ញុំធុញនឹងជីវិតបែបហ្នឹងណាស់ កុំអូសខ្ញុំឳ្យរស់នៅដូចសត្វអញ្ចឹងទៀតអី បើអ្នកទាំងពីរសប្បាយចិត្តនឹងរស់នៅបែបហ្នឹងហើយ ក៏សូមបន្តរស់នៅបែបអញ្ចឹងតទៅទៀតចុះ ខ្ញុំហត់នឹងពាក្យកិត្តិយសហ្នឹងណាស់ ខ្ញុំមិនមែនរស់នៅដើម្បីបន្តពូជពង្សអ្នកណាទេ ខ្ញុំចង់ធ្វើអ្វីដែលចេញពីចិត្តបានម្តង ខ្ញុំចង់រស់នៅតាមចិត្តខ្ញុំ ខ្ញុំក៏មិនស្លាប់ដែរ បើគ្មានកិត្តិយសនោះ។ បានហើយ ខ្ញុំមិនសង្ឃឹមថាប៉ាម៉ាក់មិនយល់ពីខ្ញុំទេ ខ្ញុំក៏មិនសង្ឃឹមថាអ្នកទាំងពីរនឹងស្វែងយល់ពីខ្ញុំដែរ ខ្ញុំហត់ណាស់ទៅហើយ ១៨ឆ្នាំដែលខ្ញុំរស់នៅក្នុងគ្រួសារនេះ ហើយ៥ឆ្នាំដែលខ្ញុំទ្រាំរស់នៅក្រោមសម្ពាធអ្នកទាំងពីរ ធ្វើឳ្យខ្ញុំវេទនាចិត្តខ្លាំងណាស់ទៅហើយ  កុំមកពាក់ព័ន្ធនឹងខ្ញុំទៀតអី យើងរស់នៅរៀងៗខ្លួនទៅចុះ ទោះយ៉ាងណាក៏យើងនៅតែមិនយល់គ្នាតែដដែលហ្នឹង។ ចាប់ពីថ្ងៃនេះតទៅ បើខ្លាចខ្មាសគេ ក៏ប្រកាសកាត់កាល់ខ្ញុំចោលទៅ ខ្ញុំនៅតាមផ្លូវដែលខ្ញុំរើស ប៉ាម៉ាក់បន្តរស់នៅតាមផ្លូវរបស់ខ្លួនឯងទៀតទៅចុះ។ បើប៉ាម៉ាក់នៅតែតាមរក នៅតែរំខានដល់ជីវិតខ្ញុំទៀតហើយខ្ញុំត្រូវរស់នៅក្រោមសម្ពាធគេតែដដែល ខ្ញុំក៏មិនដឹងរស់ធ្វើអីទៀតដែរ មានតែស្លាប់ទេ ទើបរឿងឆាប់ចប់។

មជ្ឈដ្ឋានទូទៅ អាចយល់ឃើញថា, សំណេរនេះ អាចរៀបចំឡើងដោយក្រុមដឹកនាំរបស់ LDP? ហើយប្រើមនោគមន៍វិជ្ជា អោយគាត់ទទួលយក ខ្លឹមសារនេះ បង្វែរទៅជារឿងនយោបាយ និងប៉ះពាល់ធ្ងន់ធ្ងរដល់ សីលធម៌ ក្នុងសង្គមជាតិ ពិសេសយុវជន ដែលជាសសរទ្រូង នៃប្រទេសជាតិ ខណៈបច្ចុប្បន្នសំបូរដោយធនធានមនុស្ស៕

ដោយ ៖ សហការី


ចែករំលែក៖