ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសន្តិសុខប្រចាំការនៅម៉ាតមួយកន្លែងសង្ស័យថាជាចោរដើរមករកលួចទ្រព្យសម្បត្តិមានតម្លៃ ក៏ស្រែកសួរនាំ ហើយដេញវាយឡើងបែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹង ព្រមទាំងដាក់ខ្នោះបំណងទុកឱ្យសមត្ថកិច្ចមូលដ្ឋានដើម្បីបង្អួតស្នាដៃ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នៅខាងត្បូងមន្ទីរពេទ្យរុស្សុី ចម្ងាយប្រហែល២០០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានជាសន្ដិសុខ នៅដៃមានកាន់អាយកូមនិងដំបងដេញវាយបុរសម្នាក់ឡើងទ្រមខ្លួននិងបែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹង ព្រមទាំងដាក់ខ្នោះដៃថែមទៀតផងដោយចោទថាជាជនសង្ស័យប៉ុនប៉ងលួចយកទ្រព្យរបស់នៅទីតាំងដែលខ្លួនមើលការខុសត្រូវ។
ពលរដ្ឋដដែលបានបន្តថា បើទោះបីបុរសដែលរងរបួសបែកក្បាលសន្លប់ស្ដូកស្ដឹងនោះបានប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិមានតម្លៃជាក់ស្ដែងក៏ដោយ ក៏សន្ដិសុខដែលបង្ករបួសស្នាមនោះគួរតែចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាននិងដាក់ពាក្យបណ្ដឹងតាមច្បាប់ មិនត្រូវបង្ករបួសស្នាមរហូតបែកក្បាលសន្លប់បាត់ស្មារតីបែបនេះទេ ។
តាមសម្ដីបុរសម្នាក់ដែលអះអាងថាខ្លួនជាអ្នកមើលខុសត្រូវក្នុងម៉ាតនិងសន្តិសុខខាងលើបានប្រាប់ឱ្យដឹងថា មូលហេតុដែលនាំឱ្យសន្ដិសុខរបស់ខ្លួនវាយបុរសជាជនសង្ស័យនោះ ព្រោះតែឃើញជនសង្ស័យដើរកាត់មុខម៉ាតក្រវែលចុះឡើងបំណងលួចយកទ្រព្យសម្បត្តិ(កាត់កញ្ចក់រថយន្ត ឬរបស់ផ្សេងៗទៀត)នៅមុខម៉ាត ទើបហៅសួរនាំ តែបុរសដែលរងរបួសបានឈ្លោះប្រកែកនិងវាយទៅលើសន្តិសុខរបស់ខ្លួនមុន ទើបសន្តិសុខការពារខ្លួន ដកដំបងដេញវាយទៅលើជនសង្ស័យបណ្ដាលឲ្យរងរបួសបែបនេះ និងបានដាក់ខ្នោះទុកឱ្យសមត្ថកិច្ច។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានឃាត់ខ្លួនបុរសជាសន្តិសុខយកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងទំពុនទី១ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងបានទាក់ទងទៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរុស្សុីមកដឹកយកជនរងគ្រោះទៅព្យាបាលរបួស ៕
ដោយ ៖ ភារ៉ា ដង្កោ