ខេត្តប៉ៃលិន៖ បើតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍រដ្ឋបាលបរយ៉ាខាបានទទួលព័ត៌មានថាមានករណីក្មេងទំនើងប្រើហិង្សាបង្ករបួសស្នាមនៅចំណុចតារាងបាល់ទះបរថ្មី ក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្រោយពីបានទទួលព័ត៌មាននេះភ្លាមលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ បានចាត់ឱ្យកម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបរយ៉ាខា ចុះទៅដល់កន្លែងកើតហេតុដើម្បីតាមដានស្រាវជ្រាវ រហូតដល់ម៉ោងប្រហែល២១និង០០នាទីទើបឃាត់ខ្លួនជនសង្ស័យ០៣នាក់ នៅចំណុចផ្ទះរបស់ពួកគេដែលស្ថិតនៅក្នុងបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន។
ជនសង្ស័យទាំងនោះមាន ឈ្មោះទី១-ផល គង់ ភេទប្រុស អាយុ២៣ឆ្នាំ សញ្ចាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ/ឃុំខាងលើ ជាជនដៃដល់ (ប្រើកាំបិតកាប់ទៅលើជនរងគ្រោះឱ្យរងរបួស)។ ទី២-ឈ្មោះ ឌឿន គឹមស៊ន ភេទប្រុស អាយុ២២ឆ្នាំ សញ្ចាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ/ឃុំខាងលើជាបក្សពួករួមគំនិត។
ទី៣-ឈ្មោះ វុទ្ធី ថារិន ហៅក្រឹម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រឡាយ ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង(ជាអ្នកបើកម៉ូតូ ឌុបអ្នកទាំងពីរ)។ ក្រោយពេលកើតហេតុមានតំណាងជនរងគ្រោះ និងតំណាងជនសង្ស័យបានខលទំនាក់ទំនងតាមទូរស័ព្ទដើម្បីស្វែងរកដំណោះស្រាយ។
បន្ទាប់ពីកើតហេតុសមត្តកិច្ចជំនាញបានដកហូតវត្ថុតាងមានម៉ូតូ០១គ្រឿង ម៉ាកវីនន័រ ពណ៌ទឹកក្រូច បាញ់ថ្នាំខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ។
អំពីរឿងហេតុៈ មុនពេលកើតហេតុនៅវេលាម៉ោងប្រហែល៥និង២៥នាទីឈ្មោះ ឌឿន គឹមស៊ន បានជិះម៉ូតូឌុបក្មួយដើរលេង ស្រាប់តែជនរងគ្រោះឈ្មោះ ប៊ូ វ៉ាន់ដេត បានមកប្រាប់ឈប់ឱ្យខ្លួនដើរជាមួយឈ្មោះ ផល គង់ (ជនដៃដល់) ក្រែងថ្ងៃក្រោយអាចមានហិង្សានិងប៉ះពាល់ដល់ខ្លួន។ លុះមួយសន្ទុះក្រោយមកឈ្មោះ ឌឿន គឹមស៊ន បានទៅប្រាប់ឈ្មោះ ផល គង់ (ជនដៃដល់)ពីរឿងហេតុខាងលើ ភ្លាមនោះឈ្មោះ ផល គង់ (ជាជនដៃដល់)បានជិះម៉ូតូឌុបគ្នា០៣នាក់ ជាមួយឈ្មោះ ឌឿន គឹមស៊ន និងឈ្មោះ វុទ្ធី ថារិន ហៅក្រឹម ទៅរកជនរងគ្រោះ ពេលទៅដល់ចំណុចតារាងបាល់ទះបរថ្មី ឈ្មោះ ផល គង់ (ជនដៃដល់) បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរបួស រួចក៏បាននាំគ្នាជិះម៉ូតូគេចខ្លួន រហូតដល់វេលាម៉ោងប្រហែល២១និង៣០នាទីទើបសមត្ថកិច្ចបានទៅនាំខ្លួនពួកគេតែម្តង។
ជនរងគ្រោះឈ្មោះ ប៊ូ វ៉ាន់ដេត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសធ្ងន់ចំខ្នង ដេរចំនួន២០ថ្នេរ)។
ក្រោយពេលកើតហេតុ តំណាងជនរងគ្រោះឈ្មោះ ពេជ្រ ភាព ភេទស្រី អាយុ៤៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិរស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដោយទាមទារសំណងចំនួន៤,០០០,០០០រៀល(បួនលានរៀលគត់)។
ករណីខាងលើនេះ លោកអធិការក៏បានស្នើសុំយោបល់លោកស្នងការដើម្បីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ស សារ៉េត