ខេត្តកំពង់ឆ្នាំង ៖ សត្វគោ ៧ក្បាលបានងាប់ និង១ ក្បាលរបួសធ្ងន់បាក់ជើងក្រោយទាំង២ ដោយសាររថយន្តធុនធំភ្លៅ៥មួយគ្រឿង បានបុកកិនពីលើពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង១៥ នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០ ២២ លើផ្លូវជាតិលេខ ៥ ចំណុចមុខក្លោងទ្វារចូលវត្តធម្មវ័ន ក្នុងភូមិត្រពាំងអញ្ចាញ ឃុំក្រាំងដីមាសស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរ នៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កខាងលើនេះម៉ាក់ហ៊ីយ៉ាន់ដាយភ្លៅ៥ពាក់ស្លាកលេខភ្នំពេញ 3C-0474 បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។ លុះមក ដល់ចំណុចខាងលើនេះក៏បានបុកចំហ្វូងគោដែលកំពុងឆ្លងកាត់ផ្លូវតែម្ដងបណ្ដាលឱ្យសត្វគោ៧ក្បាលបានងាប់ នៅកន្លែងកើតហេតុ និង ១ក្បាលទៀតរបួសធ្ងន់បាក់ ជើងក្រោយទាំង២ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើក បររថយន្តបង្កគ្រោះថ្នាក់ខាងលើនេះយកមកកាន់អធិការដ្ឋាននគរបាលស្រុករលាយប្អៀរដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ដោយឡែកនៅកន្លែងកើតហេតុសមត្ថកិច្ចបានសម្រួលចរាចរណ៍និងធ្វើកំណត់ហេតុប្រគល់ សត្វគោងាប់ជូនប្រជាពលរដ្ឋជាម្ចាស់គោវិញ និងបានឲ្យម្ចាស់គោប្រមាណ៣ឬ៤នាក់ដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុម្ចាស់គោម្នាក់បានកាន់ទង់ក្រហម គ្រវីជាសញ្ញាសុំឲ្យរថយន្តបើកបរលើផ្លូវជាតិបន្ថយ ល្បឿនឬឈប់សុំឲ្យគោឆ្លងកាត់ ។ ប៉ុន្តែក្នុងពេលនោះរថយន្តបង្កហេតុខាងលើមិនបានបង្អង់ល្បឿន ឬឈប់នោះទេគឺបានបើកក្នុងល្បឿនលឿនដោយជែងរថយន្តតូច១គ្រឿងនៅពីមុខ ហើយក៏បានបុកហ្វូងគោដែលកំពុងឆ្លងផ្លូវជាតិបណ្ដាលឲ្យមានគ្រោះថ្នាក់តែម្ដងគឺគោ៣ក្បាលបានងាប់នៅក្រោមកង់រថយន្តខាងមុខ និង ៤ក្បាលទៀតបានងាប់នៅក្រោមរថយន្តផ្នែកខាងក្រោយ និង២ក្បាលទៀតរបួសបាក់ជើងក្រោយទាំង២ ។
ករណីខាងលើនេះប្រជាពលរដ្ឋសំណូមពរដល់មន្ទីរសាធារណៈការមេត្តាដាក់ផ្លាកសញ្ញាគោឆ្លងកាត់ផ្លូវ ចំណុចនេះឡើងវិញផង ព្រោះថាពីមុននៅចំណុចខាងលើនេះមានផ្លាកសញ្ញាគោឆ្លងផ្លូវចំនួន ២ផ្ទាំង ប៉ុន្តែថ្មីៗនេះត្រូវបានគេដក ចេញពេលជួសជុលផ្លូវជាតិ។
ការដាក់ផ្លាកសញ្ញានេះឡើងវិញដើម្បីជាដំណឹងដល់អ្នក បើកបរយន្តគ្រប់ប្រភេទសុំឲ្យប្រុងប្រយ័ត្ននិងបន្ថយ ល្បឿន កន្លែងសត្វគោឆ្លងកាត់ ទើបអាចកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍នៅចំណុចនេះបាន៕
ដោយ៖ សូរិយា