ខេត្តសៀមរាប៖ បើយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះបានឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបានសម្រេចចេញដីកាឃុំខ្លួនស្ត្រីទាំង៦នាក់ដែលជាសកម្មជនរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ «ប្រឆាំងនឹងមន្ត្រីរាជការសាធារណៈដោយមានស្ថានទម្ងន់ទោស» តាមមាត្រា៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញាកន្លងមកថ្មីៗនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តបានឃាត់ខ្លួនមនុស្សចំនួន៦នាក់នៅចំណុចប៉ុស្តិ៍ហាមមុខដីចម្ការលោក ខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តសៀមរាប។
ជនត្រូវចោទទាំង៦នាក់ក្នុងនោះរួមមាន៖ ទី១-ឈ្មោះ ឈិត ស្រីឡាង, ទី២-ឈ្មោះ ថុង ដារ៉ាស៊ី , ទី៣-ឈ្មោះ អុីសូជីង, ទី៤-ឈ្មោះ ជុំ ខុម, ទី៥-ឈ្មោះ ភួង សម្ផស្សបូផា និងទី៦-ឈ្មោះ កូវ ឡោ សុទ្ធតែស្រ្តីទាំងអស់។
សូមជម្រាបថា មនុស្ស៦នាក់ដែលជាតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់លោកខឹម វាសនា ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកមិញនេះ បន្ទាប់ពីក្រុមគាត់បានបំពានកិច្ចសន្យា និងធ្វើសកម្មភាពប្រឆាំងអ្នករាជការសាធារណៈ ដោយមិនស្ដាប់តាមការណែនាំ និងមានការបង្ខាំងមនុស្សមិនឱ្យចាកចេញពីចម្ការលោក ខឹម វាសនា ដែលស្ថិតនៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ដំបូងឡើយអ្នកទាំង៦នាក់នោះបានចាកចេញពីដីចម្ការហើយ ហើយស្រាប់តែព្យាយាមចូលទៅវិញក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចមិនឱ្យចូល ពេលនោះពួកគេបានជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ ហើយបានជិះរថយន្តទៅបុកបារាសរបស់សមត្ថកិច្ចបាក់អស់២កន្លែង និងបានប្រើហិង្សាមកលើសមត្ថកិច្ច ថែមទាំងធ្វើការរារាំងក្នុងប្រតិបត្តិការរបស់សមត្ថកិច្ចនិងជេរថែមទៀត ទើបសមត្ថកិច្ចអនុវត្តវិធានការច្បាប់តែម្តង៕
ដោយ៖សហការី