ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបិទបំពង់បង្ហូរឧស្ម័ន Nord Stream1ទៅកាន់អឺរ៉ុបដោយគ្មានកំណត់

ចែករំលែក៖

អឺរ៉ុបប្រឈមនឹងវិបត្តិកាន់តែខ្លាំង នៅរដូវរងាខាងមុខ ក្រោយពេលក្រុមហ៊ុនថាមពល Gazprom របស់រុស្ស៊ីប្រកាសថា នឹងបិទបំពង់បង្ហូរនេះដោយគ្មានកំណត់ពេលបើកឡើងវិញនោះឡើយដោយសារតែបានរកឃើញមានការបែកធ្លាយហ្គាស។
នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុន Gazprom បានបញ្ជាក់យ៉ាងច្បាស់ថា «ការបញ្ជូនថាមពលហ្គាសទៅកាន់តំបន់អឺរ៉ុប តាមរយៈបំពង់បង្ហូរ Nord Stream1 នឹងត្រូវផ្អាកទាំងស្រុងដើម្បីដោះស្រាយស្ថានភាពក្រោយមានការបែកធ្លាយសារធាតុហ្គាសចេញពីបំពង់បង្ហូរនោះ។ កន្លងមកក្រុមហ៊ុនហ្គាសរុស្ស៊ីបានប្រកាសថា បិទតែ៣ថ្ងៃប៉ុណ្ណោះ នឹងបើកឡើងវិញនៅថ្ងៃទី ២ខែកញ្ញា បើមិនមានអ្វីខុសប្រក្រតីនោះទេ។ ប៉ុន្តែនៅពេលនេះមានបញ្ហាជាច្រើនបន្តកើតឡើងគឺត្រូវបិទបន្តទៀតដោយមិនទាន់កំណត់ពេលបើកវិញនោះឡើយ។
សកម្មភាពខាងលើរបស់ Gazprom ក្រោយពេលប្រទេស G7បានព្រមព្រៀងគ្នាដាក់គំនាបទៅលើតម្លៃថាមពលពីរុស្ស៊ី។ ប្រមុខដឹកនាំគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសថា អឺរ៉ុបនឹងកំណត់តម្លៃថាមពលដើម្បីទប់ស្កាត់រដ្ឋាភិបាលរុស្ស៊ីឡើងតម្លៃខុសពីទីផ្សារ។
មនុស្សមួយចំនួនបានលើកឡើងថា ដើម្បីកំុឱ្យអឺរ៉ុបពិបាកនៅក្នុងការ កំណត់តម្លៃ រុស្ស៊ីបបានផ្អាកការផ្គត់ផ្គង់ទាំងស្រុងតែម្តង ។ ប៉ុន្តែចំពោះប្រទេសដែលជាមិត្តរបស់រុស្ស៊ី ទាំងតម្លៃប្រេង ហ្គាស រុស្ស៊ីបានលក់ឱ្យក្នុងតម្លៃសមរម្យ ទាបជាងទីផ្សារទៅទៀត៕

ដោយ៖ ធីរីណា(រូបថត៖ Reuters )


ចែករំលែក៖