ភ្នំពេញ៖ ដំណឹងក្រៅផ្លូវការនៃការចែកផ្លូវគ្នារវាងតារាសម្តែងនិងបង្ហាញម៉ូដមេម៉ាយកូនមួយ អ្នកនាង សេង សុឃីម នឹងនាយចឺម បានលេចចេញជាច្រើនសប្តាហ៍កន្លងមកហើយ រហូតបណ្តាញសារព័ត៌មាននានាចុះផ្សាយព្រោងព្រាតបើទោះបីជាសាមីខ្លួនទាំងសងខាងមិនបានបញ្ជាក់ក្តី ។ ពេលនេះភាគីខាងស្រីប្រកាសអំពីចំណងស្នេហ៍ដើរដល់ផ្លូវទាល់ហើយ ខណៈដែលនាយចឺមត្រូវបានគេចាត់ទុកថាជាកម្លោះសម្បូរស្នេហ៍ដដែល និងជាប់ឈ្មោះជាតារាប្រុសដូរដៃគូស្នេហាច្រើនជាងគេ។
នៅមុននេះនៅលើបណ្ដាញសង្គមមហាជនអ្នកគាំទ្រអ្នកទាំងពីរកំពុងផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះចំណងស្នេហ៍របស់នាយចឺម និងអ្នកមេម៉ាយរូបស្រស់ សេង សុឃីម ក្រោយពីលេចឮរឿងរកាំរកូស និងការយល់ច្រឡំមួយរយៈ ស្រាប់តែឃើញគូស្នេហ៍របស់តារាប្រុសរូបនេះបានប្រកាសជាសាធារណៈថា ចំណងស្នេហ៍របស់អ្នកទាំងពីរបានដើរដល់ផ្លូវបំបែកហើយ ក្នុងនោះអ្នកនាង សេង សុឃីម ពុំបានប្រាប់ពីមូលហេតុដែលធ្វើឱ្យចំណងស្នេហាដើរដល់ផ្លូវបំបែកនោះឡើយ ដោយគ្រាន់តែបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកនាង និងនាយចឺមលែងមានអ្វីពាក់ព័ន្ធនឹងគ្នាទៀតហើយ និងសុំឱ្យមហាជនកុំសួរនាំនាងទាក់ទងនឹងនាយចឺម បន្តទៀត។សារនោះ អ្នកនាង សេង សុឃីម បានសរសេររៀបរាប់ថា៖ «នាងខ្ញុំសុំប្រកាសជាសាធារណៈថា នាងខ្ញុំ សេង សុខឃីម ជាមួយលោក ចឺម បានបែកគ្នាហើយ អ៊ីចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅ ឬ ក្នុង FB ទាំងអស់សូមកុំសួរអំពីលោកចឺមពីនាងខ្ញុំទៀត ខ្ញុំពិតជាមិនដឹង។ សុំចិត្តពុកម៉ែបងប្អូនទាំងអស់គ្នា កុំថាអីឱ្យនាងខ្ញុំ បែកគ្នាក៏ប្រកាសដែរ ព្រោះពេលស្រឡាញ់គ្នាក៏ផុសជាសាធារណៈឱ្យពុកម៉ែបងប្អូនបានដឹង អ៊ីចឹងបែកគ្នាក៏ផុសជាសាធារណៈឱ្យប្អូនដឹង។ ស្នេហាជាង១ឆ្នាំត្រូវបានបញ្ចប់ មិនឈ្លោះគ្នា តែគេសុខៗចង់បែកតែម្ដង រួចលើកហេតុផលចាស់ៗមកនិយាយដដែល ឃាត់ក៏គេមិនស្តាប់ មានតែបណ្តោយឱ្យទៅ ៤ខែក្រោយនេះថ្ងៃណាក៏ខ្ញុំយំដែរបានហើយ (24/8/2022 end)។ សារនេះបានបង្កើតឱ្យអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិវែកញែកចង់ដឹងហេតុផលនៅពីក្រោយការបែកបាក់នេះ ព្រោះកន្លងទៅពួកគាត់ទាំងពីរពិតជាផ្អែមល្ហែមរហូតគិតថាជាមនុស្សចុងក្រោយហើយ តែទោះបីយ៉ាងណា មានមតិជាច្រើនបានចូលរួមសោកស្តាយចំពោះចំណងស្នេហ៍មួយនេះ ដែលបានដើរដល់ផ្លូវបញ្ចប់ ។
គេនៅបន្តរង់ចាំមើលដែរថា តើនារីចិត្តហានក្លារូបណាដែលហ៊ានបើកមុខប្រកាសចំណងស្នេហាជាមួយនឹងតារាចម្រៀងប្រុសរូបនេះបន្តទៀត បើទោះបីជាទស្សនិកជនជាច្រើនបានដាក់រហស្សនាមឱ្យនាយចឺមថាជាបុរសសាវានោះ៕
ដោយ ៖ វឌ្ឍនា