ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកថ្មពួក សហការជាមួយនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ០១នាក់បញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ពីបទរំលោភលើសេចក្តីទុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង០៦ល្ងាចថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២២ នៅភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ។
នគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ ឈូក ងើយស្រីនិន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ២ ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ។នៅវេលាម៉ោង០៦ល្ងាចថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២២ ជនសង្ស័យបានខ្ទីម៉ូតូរបស់ឈួ កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក មួយគ្រឿងម៉ាកហុងដាឌ្រីម c125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ1P-7642 ជិះទៅលេងបងប្អូនមួយថ្ងៃ បន្ទាប់មកស្រាប់តែមិនឃើញឈូក ងើយស្រីនិន យកម៉ូតូមកឲ្យម្ចាស់វិញ ។
នគរបាលបានបញ្ជាក់ថា៖បន្ទាប់មកម្ចាស់ម៉ូតូបានខលសួរ តែ ឈូក ងើយស្រីនិន សន្យាពន្យារពេលថ្ងៃនេះ ថ្ងៃនោះ ព្រោះតែជឿទុកចិត្តមិត្តភក្តិ មិនបានដាក់បណ្តឹងនោះទេ ។ដោយការនិយាយកុហកច្រើនដងពេក ម្ចាស់ម៉ូតូបានស្រាវជ្រាវនិងរកឃើញជនសង្ស័យ គេចខ្លួនទៅរស់នៅក្រុងប៉ោយប៉ែត ហើយក៏បានសួរនាំរកម៉ូតូ ទើបដឹងថាម៉ូតូនោះគេយកទៅបញ្ចាំយកលុយចាយខ្ទេច ។នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ក្រោយដឹងថាមិត្តភក្តិរបស់ខ្លួនស៊ីដាច់ម៉ូតូរបស់ខ្លួន ទើបម្ចាស់ម៉ូតូក៏ប្តឹងរាយការណ៍ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ពេលនោះកម្លាំងនគរបាលជំនាញស្រុកថ្មពួក សហការជាមួយកម្លាំងនរបាលជំនាញ ក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន ជនសង្ស័យមកសួរនាំ ។
នគរបាលស្រុកថ្មពួក បានបន្ថែមទៀតថា៖ជនសង្ស័យឈ្មោះឈូក ងើយស្រីនិន បានសារភាពថា៖ខ្លួនពិតជាមានចេតនាបានយកម៉ូតូមិត្តភក្តិរបស់ខ្លួននោះទៅបញ្ចាំ នៅក្លឹបថេកដោន បានប្រាក់ចំនួន ១0,000បាត (មួយម៉ឺនបាត) ហើយយកលុយ ផឹកស៊ីនិងប្រើប្រាស់គ្រឿងញៀន អស់។ជនសង្ស័យ ក្រោយពីទទួទលបានចម្លើយសារភាព ត្រូវបានកម្លាំងនគរបាលជំនាញ អធិការដ្ឋាននគរបាលស្រុកថ្មពួក រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី។
ដោយឡែកម៉ូតូរបស់ជនរងគ្រោះ សមត្ថកិច្ចនៅមិនទាន់មានចំណាត់ការនៅឡើយនោះទេព្រោះលិខិតបញ្ចាំត្រូវជនសង្ស័យធ្វើជ្រុះបាត់ ៕
ដោយ ៖ វណ្ណា