ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងដេញវាយនិងកាប់បុរស២នាក់បណ្តាលឱ្យរបួសធ្ងន់និងស្រាលផ្អើលទាំងយប់

ចែករំលែក៖

    ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានបុរសពីរនាក់បានរងរបួសធ្ងន់និងស្រាលដោយសារតែក្រុមជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូដេញវាយនិងកាប់ដោយដាវសាមូរ៉ៃ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងកណ្ដាលអធ្រាត្រ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២២ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

    យោងតាមសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះសូ ប៊ុន ធឿន អាយុ៣២ឆ្នាំ មុខរបរកម្មករនៅប្រទេសជប៉ុន រស់នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង(រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជួនបន្តទៅព្យាបាលនៅពេទ្យជោរៃរាជធានីភ្នំពេញ) និងម្នាក់ទៀតឈ្មោះពៅ ផានិត អាយុ២៤ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង(រងរបួសស្រាល)។

    តាមជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុរូបខ្លួនមិត្តភក្តិបានជិះម៉ូតូមួយគ្រឿងត្រលប់មកផ្ទះ ហើយពេលនោះស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ០២គ្រឿងមិនចាំស្លាកលេខ និងមិនស្គាល់អត្តសញ្ញាណបានតាមពីក្រោយ រួចហើយបានយកខ្សែក្រវាត់និងដាវសាមូរ៉ៃវាយនិងកាប់មកលើរូបគេ ទើបបង្កការភ្ញាក់ផ្អើលនិងស្រែកហៅអ្នកភូមិឱ្យជួយផងទើបក្រុមជនសង្ស័យទាំងនោះបើកម៉ូតូគេចខ្លួនបាត់ភ្លាមៗតែម្ដង។

    ក្រោយកើតហេតុសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបានមកដល់និងហៅរថយន្តសាមុយដឹកមកកាន់មន្ទីរពេទ្យខេត្ត  ប៉ុន្តែដោយសាររបួសធ្ងន់ពេកឈ្មោះសូ ប៊ុនធឿនត្រូវបានក្រុមគ្រួសារបញ្ជូនបន្តទៅព្យាបាលនៅពេទ្យជោរៃរាជធានីភ្នំពេញ។

     បច្ចប្បន្ន សមត្តកិច្ចកងរាជអាវុធហត្ថក្រុងស្វាយរៀងកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យដើម្បីចាត់ការទៅតាមផ្លូវច្បាប់ឱ្យខាងតែបាន៕

ដោយ៖ សុថាន


ចែករំលែក៖