ព័ត៌មានទាន់ហេតុការណ៍៖

កម្មករបីនាក់ដូរខ្សែភើងពីបង្គោលចាស់ដាក់បង្គោលថ្មីខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆ្លងចរន្តឆក់រងរបួសយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តរតនគិរី៖ កម្មករបីនាក់ត្រូវចរន្តភ្លើងអគ្គីសនីឆក់បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរខណៈដែលពួកគេបានដូរខ្សែភ្លើងពីបង្គោលចាស់ផ្លាស់មកដាក់ទៅលើបង្គោលថ្មីដែលមានការធ្វេសប្រហែសមិនបានកាច់បារ៉ែតផ្តាច់ចរន្ត។ 

ហេតុការណ៍កម្មករឆក់ចរន្តភ្លើងនោះបានកើតឡើងនៅព្រឹកថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២២ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីនៅតាមបណ្ដោយផ្លូវជាតិលេខ៧៨។

កម្មកររងគ្រោះទាំងបីនាក់នោះមាន ៖

ទី១.ឈ្មោះ ភេត ភុត ភេទប្រុសជនជាតិខ្មែរអាយុ១៩ឆ្នាំ។

ទី២.ឈ្មោះ សាក់ មេឃ ភេទប្រុសជនជាតិខ្មែរអាយុ២០ឆ្នាំ។

ទី៣.ឈ្មោះ ភាព សុផង់ ភេទប្រុសជនជាតិខ្មែរអាយុ១៨ឆ្នាំ។

ពួកគេទាំង៣នាក់មានទីលំនៅភូមអភិវឌ្ឍន៍សង្កាត់ឡាបានសៀកក្រុងបានលុងខេត្ដរតនគិរី។ 

បច្ចុប្បន្នកំពុងធ្វើការសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យបង្អែកខេត្តរតនគិរីពីរនាក់នៅភ្នំពេញម្នាក់។

ប្រភពបានឱ្យដឹងថាមុនកើតហេតុមានកម្មករមួយក្រុមបានទៅខួងដីដាំបង្គោលភ្លើងថ្មី នៅឯបបង្គោលចាស់ហើយពួកគេបាននាំគ្នាឡើងទៅដោះខ្សែភ្លើងចេញពីបង្គោលចាស់ដើម្បីដាក់ពាក់ទៅលើបង្គោលថ្មី ប្រហែលជាខុសបច្ចេកទេសមិនបានកាច់បារ៉ែតផ្តាច់ចរន្ដភ្លើងអគ្គិសនីក៏ត្រូវឆក់ពួកគេទាំងបីនាក់នោះតែម្ដង។

ក្នុងពេលកើតហេតុការណ៍នោះគេឃើញមានកម្លាំងនគបាលមូលដ្ឋានបានចុះជួយអន្ដរាគមន៍ហើយហៅឡានពេទ្យមកដឹកទៅកាន់មន្ទីរទាន់ពេលភ្លាមៗដែរ។

លោកកោះ ប៉ូឡូ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ដរតនគិរីបានប្រាប់ថាជនរងគ្រោះទាំងបីនាក់ដែលខ្សែភ្លើងឆក់ពួកគេមានសភាពធ្ងន់ធ្ងរហើយកំពុងតែសង្រ្គោះបន្ទាន់ផងដែរ។

ក្នុងចំណោមបីនាក់មានម្នាក់ត្រូវបញ្ជូនទៅភ្នំពេញព្រោះរងរបួសធ្ងន់លើស្បែកលើដងខ្លួនខ្លោចស្ទើរពេញទាំងអស់។

ប្រភពពីមន្រ្តីអគ្គិសនីខេត្ដថាកម្មករបីនាក់ដែលខ្សែភ្លើងឆក់នោះមិនមែនជាបុគ្គលិករបស់អង្គភាពអគ្គិសនីឡើយគឺជាកម្មកររបស់ក្រុមហ៊ុនEBSដែលដេញថ្លៃបានហើយទទួលសាងសង់បង្គោលភ្លើងក្នុងខេត្ដរតនគិរីនោះ ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖