ព័ត៌មានទាន់ហេតុការណ៍៖

ចោរ​ជំនាញ​លួច​លេខ​កូដ​សម្ងាត់​វី​ង​ ធ្វើ​សកម្មភាព​សម្រេច​៥១​លើក​ ស្មើ​ទឹកប្រាក់​ជាង​១៦,០០០​ដុល្លារ​ ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​

ចែករំលែក៖

  ​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ​នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​អាទិត្យ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ចោរ​ជំនាញ​លួច​លេខ​កូដ​សម្ងាត់​វី​ង​ ធ្វើ​សកម្មភាព​សម្រេច​៥១​លើក​ ស្មើ​ទឹកប្រាក់​ជាង​១៦,០០០​ដុល្លារ​។ ក្នុងប្រតិបត្តិការនោះ​ក្រោម​ការ​ណែនាំ​ផ្ទាល់​ពី​​លោកនាយ​ឧត្តមសេនីយ៍​ សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​អគ្គស្នងការ​រង​ទទួល​ផែន​ និង​ការ​ចង្អុលបង្ហាញ​បញ្ជា​ដឹកនាំ​ដោយ​ ឧត្តមសេនីយ៍ឯក​ ង៉េ​ង​ ជួ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ។​

​ក្រោយ​ទទួល​បាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ លោក​ឧត្តមសេនីយ៍ទោ​ ជាវ​ វិបុល​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ និង​ឈាន​រហូត​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ។​

​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ទទួល​ពាក្យបណ្តឹង​របស់​ធនាគារ​វី​ង​ ប្តឹង​ពី​ឈ្មោះ​ សុខ​ វណ្ណៈ​ ភេទ​ប្រុស​ ដែល​តែងតែ​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ​វី​ង​ ធ្វើ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​នានា​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​លួច​យក​លេខ​កូដ​សម្ងាត់​របស់​អតិថិជន​ ដែល​បាន​ប្រើប្រាស់​សេវាកម្ម​វេ​ប្រាក់​តាម​រយៈ​ធនាគារ​វី​ង​ ចំនួន​៥១​លើក​ គិត​ជា​ទឹកប្រាក់​ចំនួន​ ១៦,៥២៦​ដុល្លារ​អា​មេ​រិ​ក​ ។​

​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ធ្វើការ​ស្រាវជ្រាវ​ រហូត​ដល់​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២០​និង​២៥​នាទី​ ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ​ សុខ​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ចម​ពុល​ ឃុំ​ជាងទង​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​ ស្រែ​ល្អ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ។​

​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច​ថត​យក​លេខ​កូដ​ពី​អតិថិ​ន​ជន​ ដែល​ទៅ​ផ្ញើ​ប្រាក់​តាម​កន្លែង​វេ​ប្រាក់​ ហើយ​ធ្វើការ​កែ​លេខ​ទូរ​សព្ទ័​នៅ​លើ​រូបភាព​ឲ្យ​ដូចនឹង​លេខ​របស់​ អតិថិជន​អ្នក​ទទួល​ប្រាក់​ ដើម្បី​បន្លំ​ភ្នែក​ភ្នាក់ងារ​វី​ង​ដែល​កំពុង​រវល់​ មិន​បាន​ចុច​ឆែក​លេខ​បាន​ចំនួន​៥១​លើក​ប្រាកដ​មែន​ ។​

​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ សូម​ជម្រាប​ជូន​សាធារណៈជន​ឲ្យ​បាន​ជ្រាប​ថា​ ជនសង្ស័យ​រូប​នេះ​ តែង​ធ្វើ​សកម្មភាព​បន្លំ​ថតរូប​ភាព​ នៅ​កន្លែង​ផ្ទេរ​ប្រាក់​វី​ង​ ហើយ​យក​ចុងសន្លឹក​ផ្ទេរ​ប្រាក់​នោះ​ ទៅ​ក្លែងបន្លំ​ប្ដូរ​លេខ​ទូរស័ព្ទ​ដាក់​លេខ​របស់​ខ្លួន​ដើម្បី​ទៅ​បើកប្រាក់​ ៕

ដោយ​៖ស​ តារា​


ចែករំលែក៖