ខេត្តបន្ទាយមានជ័យ ៖ យុទ្ធដំណើរទ័ព នៃវគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង របស់វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ មានរយ:ចម្ងាយ ១០គីឡូម៉ែត្រ ដើម្បីពង្រឹងសមត្ថភាព ជាលើកទី២មុនបញ្ចប់វគ្គ ចាប់ផ្ដើមនៅព្រឹកថ្ងៃអាទិត្យ ៩ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២។
នាឱកាសនោះលោកវរសេនីយ៍ត្រី ទូច ណាន មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ អ្នកគ្រប់គ្រងវគ្គហ្វឹកហ្វឺន បានបញ្ជាក់ថា៖ អនុវត្តតាមផែនការ របស់ឧត្តមសេនីយ៍ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ក្នុងការពង្រឹងសមត្ថភាព យុទ្ធដំណើរទ័ពគ្រប់វគ្គហ្វឹកហ្វឺន ដោយស៊ូបង្ហូរញើសលើទីលាន ប្រសើជាងបង្ហូរឈាមលើសមរភូមិ។
ក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ការងារហ្វឹកហ្វឺនពង្រឹងសមត្ថភាពចំណេះដឹង បញ្ញាស្មារតី បណ្តុះគំនិត ឆន្ទ:ពង្រឹងប្រៀបការពារជាតិ បូរណភាពទឹកដី យកចំណេះដឹងដើម្បីបំពេញការងារដោយឆន្ទ: ស្មោះត្រង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
ក្រៅពីហ្វឹកហ្វឺនពង្រឹងសមត្ថភាព កម្លាំងនេះត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង ទាំងកម្លាំង សម្ភារ: មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលាផងដែរ។ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ បន្តអនុវត្តវិធានការ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមវិធានការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានជាប្រចាំ៕
ដោយ៖សហការី