ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ដោយគ្រោះទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថានកើនឡើងដល់១,២៦៥នាក់

ចែករំលែក៖

សារព័ត៌មាន CGTN នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា មកទល់ពេលនេះ ផ្ទៃដីប្រទេសប៉ាគីស្ថានប្រមាណជាង ៣០ភាគរយកំពុងស្ថិតនៅក្រោមលិចលង់ ខណៈដែលទឹកហាក់មិនទាន់ចាប់ផ្តើមស្រកចុះទៅវិញនៅឡើយ។ រីឯចំនួនអ្នកដែលបានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់នេះវិញនៅតែបន្តកើនឡើងជាលំដាប់។
អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះបានឱ្យដឹងថា ១ភាគ៣នៃផ្ទៃប្រទេសស្ថិតក្រោមការជន់លិច ក្នុងនោះដីកសិកម្មគឺជិត១លានហិកតា ស្របពេលដែលមនុស្សកើនដល់យ៉ាងហោចណាស់ក៏១,២៦៥នាក់ដែរបានបាត់បង់ជីវិត ដែលរួមមានទាំងកុមារ៤១៦នាក់ផងដែរ។ បើតាមទីភ្នាក់ងារយូនីសេហ្វ (UNICEF) របស់អង្គការសហប្រជាជាតិ កុមារនៅប៉ាគីស្ថានកំពុងតែប្រឈមនឹងហានិភ័យ ជាពិសេសក្នុងការស្លាប់ដោយសារជំងឺដូចជា អាសន្នរោគ គ្រុនឈាម គ្រុនចាញ់ និងរាករូស ជាដើម។
រដ្ឋមន្រ្តីក្រសួងរៀបចំផែនការប្រទេសប៉ាគីស្ថាន បានបន្តអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់ការឆ្លើយតបជាជំនួយមនុស្សធម៌ សម្រាប់មនុស្សប្រហែល៣៣លាននាក់ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់។ ទន្ទឹមគ្នានេះដែរ មូលនិធិសប្បុរសធម៌ធំរបស់ប៉ាគីស្ថានកំពុងព្យាយាមស្នើឱ្យរដ្ឋាភិបាល លុបចោលបម្រាមដែលបានដាក់លើ អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដើម្បីអនុញ្ញាតឱ្យពួកគេអាចជួយដល់កិច្ចប្រឹងប្រែងសង្រ្គោះប្រជាជនដែលរងការប៉ះពាល់ទាំងអស់នោះ៕ ដោយ៖ ធីរីណា

រូបថត៖ TTXVN 


ចែករំលែក៖