ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន១៦នាក់ជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនយកមកអនុវត្តតាមនីតិវិធីច្បាប់។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដឹកនាំដោយលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វា នៅថ្ងៃយប់ទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២២:៣០នាទីបានធ្វើការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចក្រោយព្រះវិហារចាម ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ (ស្រី០២នាក់)។
ដោយឡែកវត្ថុតាងចាប់យក៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០៦កញ្ចប់, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្នុប្បន្នជនសង្ស័យខាងលើ នៅព្រឹកថ្ងៃអាទិត្យទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖សហការី