ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ ៖ លោក​ ខឹម​ វាសនា​ បានយល់ព្រមឱ្យកម្លាំងសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចម្ការម្រេចរបស់ខ្លួននៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក​ ខឹម​ វាសនា​ បានយល់ព្រមឱ្យកម្លាំងសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចំការម្រេចរបស់ខ្លួននៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដេីម្បីត្រួតពិនិត្យ​ និងបានសហការពន្យល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីនោះ។  នេះបេីតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២២ នេះថា  លោក​ ខឹម​ វាសនា​ ប្រធានគណបក្ស​ សម្ព័ន្ធដេីម្បីប្រជាធិបតេយ្យ​ (LDP) បានយល់ព្រមអោយកម្លាំងសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចំការម្រេចរបស់ខ្លួននៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដេីម្បីត្រួតពិនិត្យ​ និងបានសហការពន្យល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីនេះអោយវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។

លោក ខឹម វាសនា បានបង្កអោយមានបញ្ហាស្មុគ្រស្មាញដល់សមត្ថកិច្ច អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋយល់ច្រឡំ ជឿរហូតដល់អស់ប្រាក់កាស ពេលវេលា តាមមនោគមវិជ្ជា អបិយជំនឿមិនសមរម្យ។ 

សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២២នេះ សកម្មជនដែលជឿជាក់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចាកចេញពីចម្ការ ជាបណ្តើរៗហើយ នៅសល់តែ សកម្មជនដែលស្ម័គ្រស្មោះចំពោះ លោក ខឹម វាសនាប្រមាណ ៣០% ប៉ុណ្ណោះដែលមិនទាន់ចាកចេញ។

ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋចាកចេញពីដីចំការនោះ ទៅប្រកបរបរ ការងារ រស់នៅជួបជុំគ្រួសារ ជាធម្មតាវិញ ដោយសារតែពុំមានទឹកជំនន់លិចពិភពលោកកើតឡើងទេ ហើយរាជរដ្ឋាភិបាល ក៏បានត្រៀមរថយន្តដើម្បីជូនសកម្មជន និងអ្នកជឿលង់ លោក ខឹម វាសនា ត្រឡប់ទៅគេហដ្ឋានវិញ ដោយមិនគិតថ្លៃ ព្រមទាំងមានអាហារបរិភោគផងដែរ។ 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានឱ្យអាជ្ញាធរនិងសមត្ថកិច្ច យករថយន្តដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកស្នាក់នៅទឹកដីចំការរបស់លោក ខឹម វាសនា បានត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ៕

ដោយ ៖ សិលា


ចែករំលែក៖