ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានចុះទៅទីតាំងក្រុមហ៊ុនតាសុីកាង នៅក្រុមទី៨ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី០៣ ខែកញ្ញាម្សិលមិញនេះ រកឃើញជនជាតិឥណ្ឌាពីរនាក់។ នេះបេីតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃអាទិត្យទី០៤ ខែកញ្ញា ឆ្នាំ២០២២។
ជនរងគ្រោះទាំង២នាក់នេះ៖ ទី១ឈ្មោះ KHAN SARTAJ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិឥណ្ឌា និងទី២, ឈ្មោះ JAGADISH DAMMADI ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិឥណ្ឌា។ ពួកគេមានមុខរបរបុគ្គលិក និងស្នាក់នៅក្រុមហ៊ុនខាងលើ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងបញ្ជាក់ទៀតថា ដោយមានការសហការពីម្ចាស់ទីតាំងខាងលើ កម្លាំងនគរបាលបានជួយបុរសជនជាតិឥណ្ឌាចំនួន ០២នាក់ និងនាំខ្លួនអ្នកគ្រប់គ្រងម្នាក់មានឈ្មោះ TEAN XIAO PIN ភេទប្រុស ជនជាតិម៉ាឡេស៊ី អាយុ ១៨ឆ្នាំ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
សូមជម្រាបថា ការចុះស្រាវជ្រាវនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្ដឹង តាមទំព័រទំព័រហ្វេសបុក សម្តេចក្រឡាហោម ដើម្បីសុំឲ្យមានការអន្តរាគមន៍សុំឲ្យជួយសង្គ្រោះជនបរទេស ដោយអះអាងថា បានក្រុមហ៊ុនចាប់បង្ខាំង ដើម្បីឲ្យនៅបំរើការងារនៅខេត្តព្រះសីហនុ។
ដោយឡែកជុំវិញករណីនេះដែរ ផ្អែកតាមចម្លើយរបស់ជនរងគ្រោះទាំងពីរ និងអ្នកគ្រប់គ្រង បានអះអាងថាករណីនេះពុំមែនជាការបង្ខាំងទេ។ បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី កំពុងបន្តធ្វើការសាកសួរដើម្បីបន្តនីតិវិធី៕
ដោយ៖សហការី