ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តរតនគិរីចុះសួរសុខទុក្ខបុគ្គលិកអគ្គិសនីដែលរងគ្រោះដោយត្រូវចរន្តអគ្គិសនីឆក់ខណៈកំពុងបំពេញការងារ

ចែករំលែក៖

ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានឆ្លៀតពេលវេលាដ៏មមាញឹកដឹកនាំមន្ត្រីចុះទៅសាកសួរសុខទុក្ខបុគ្គលិកអគ្គិសនីនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដែលរងគ្រោះដោយសារត្រូវចរន្តអគ្គិសនីឆក់ពេលកំពុងបំពេញការងារ ហើយពេលនេះអ្នកទាំង៣នាក់ខាងលើនេះបានធូរស្រាលវិញហើយ ។ 

    ការចុះសាកសួរសុខទុក្ខបុគ្គលិកអគ្គិសនីនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីនោះគឺនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីបញ្ចប់កម្មវិធី យុទ្ធនាការវិបត្តិអន្ទាក់ និងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃដែលរៀបចំដោយក្រសួងបរិស្ថាននៅលើទឹកដីខេត្តរតនគិរី។

    នាឱកាសនោះលោកអភិបាលខេត្ត ក៏បានផ្តល់នូវថវិកាមួយចំនួនដល់បុគ្គលិកដែលរងគ្រោះទាំង៣នាក់ខាងលើនេះផងដែរ។

   បុគ្គលិកផ្នែកតបណ្តាញអគ្គិសនីសាខាខេត្តរតនគិរីចំនួន៣នាក់ត្រូវបានចរន្តអគ្គិសនីឆក់បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ  ខណៈកំពុងបំពេញការងារតបណ្តាញនៅលើបង្គោលភ្លើងនាវេលាម៉ោង៩ៈ៣០នាទីព្រឹកថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២២ត្រង់ចំណុចចុងព្រលានយន្តហោះ ផ្លូវបំបែកជាបួនទល់មុខស្ថានីយប្រេងឥន្ធនៈយើង ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ 

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះក៏មានការជួយធ្វើអន្តរាគមន៍ពីរថយន្តស្ទូចបានមកជួយយកជនរងគ្រោះ ទាំង០៣នាក់ខាងលើដាក់ចុះពីលើបង្គោល រួចដឹកតាមរថយន្តសាមុយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ភ្លាមៗផងដែរ។

    ជនរងគ្រោះទី១-ឈ្មោះពុធ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។ ទី២-ឈ្មោះ ភាព សុផង់ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ អ្នកទាំងពីរមានស្រុកកំណើតនៅខេត្តក្រចេះ  និងទី៣-ឈ្មោះ សាក់ មេឃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមានស្រុកកំណើតនៅខេត្តព្រៃវែង ទាំង៣នាក់ខាងលើនេះគឺជាបុគ្គលិកផ្នែកតបណ្តាញនៃសាខាអគ្គិសនីខេត្តរតនគិរីស្នាក់នៅក្រុងបានលុង ខេត្តរតនគិរី។

រហូតមកដល់ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ ជនរងគ្រោះទាំង៣នាក់ខាងលើនេះមានអាការធូរស្បើយវិញហើយ៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖