ព័ត៌មានទាន់ហេតុការណ៍៖

ចោរចូលលួចគ្រឿងអលង្ការអស់មួយចំនួនធំ​ នៅផ្ទះពេទ្យឆ្មបមួយកន្លែងនៅស្រុកបាណន់

ចែករំលែក៖

  ខេត្ត​បាត់ដំបង ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ មានករណីចោរចូលលួចគ្រឿងអលង្ការអស់មួយចំនួនធំ​ នៅផ្ទះពេទ្យឆ្មបមួយកន្លែងនៅស្រុកបាណន់​ រួចគេចខ្លួនបាត់ស្រមោល។ 

របាយការណ៍​ដដែល​បន្តថា​ ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​នៅវេលាម៉ោង​ ៧និង១២នាទីយប់ថ្ងៃទី០៤ ខែកញ្ញាម្សិលមិញនេះ​ បន្ទាប់ពី​កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានទទួលពាក្យបណ្ដឹងពីឈ្មោះ តាន់ ស៊ាមប៊ី ភេទស្រី អាយុ ៥៥ឆ្នាំ ជាពេទ្យឆ្មប រស់នៅភូមិបត់សាលា ឃុំឈើទាល ថាមានករណីចោរចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់ខ្លួន។

ប្រភពដដែលបន្តថា​ មុនពេលជនរងគ្រោះដឹងថាបាត់របស់ នៅវេលាម៉ោងប្រហែល១៤និង៣០នាទី ថ្ងៃដដែលមានមនុស្សស្រី ០២នាក់ ១.មិនស្គាល់ អាយុប្រហែល ២០ឆ្នាំ ជាអ្នកមកទទួលសេវ៉ាដោះកងស្បូននៅនឹងផ្ទះជនរងគ្រោះ និងម្នាក់ទៀតឈ្មោះ សម្ផស្ស អាយុប្រហែល ២០ឆ្នាំ រស់នៅចំណុចអំពិលទឹក ភូមិកំពង់ស្រម៉ ឃុំឈើទាល ស្រុកបាណន់។ បន្ទាប់ពីមកដល់ផ្ទះជនរងគ្រោះជាពេទ្យឆ្មបខាងលើហើយ ជនរងគ្រោះជាពេទ្យបាននាំអ្នកដែលត្រូវទទួលសេវ៉ាចូលក្នុងបន្ទប់មួយនៅផ្នែកខាងមុខ នៃផ្ទះហើយបានបិទទ្វារបន្ទប់ដើម្បីធ្វើការដោះកងស្បូន។

រីឯម្នាក់ទៀតឈ្មោះ សម្ផស្ស អង្គុយចាំនៅខាងក្រៅដែលក្នុងខណ:នោះដែរមានបន្ទប់មួយទៀត ជាបន្ទប់ដេកនៅក្រោមផ្ទះមានដាក់របស់របរក្នុងបន្ទប់នោះនៅនឹងថតតុមិនចាក់សោរហើយចំហរទ្វារបន្ទប់ទៀត។

ក្រោយពេលធ្វើការដោះកងស្បូនរួចរាល់មនុស្សស្រីទាំង២នាក់ នោះបានជិះម៉ូតូឌុបគ្នាទៅផ្ទះវិញទៅ រីឯម្ចាស់ផ្ទះក៏បានបិទទ្វារផ្ទះហើយជិះម៉ូតូដើរចាក់ថ្នាំឲ្យគេ តាមភូមិរហូតដល់ម៉ោង១៧និង០០នាទី ទើបត្រឡប់មកផ្ទះវិញ ពេលឃើញថតតុហើបក៏បានបើកមើលស្រាប់តែឃើញបាត់របស់អស់តែម្តង។

សម្ភារៈបាត់បង់រួមមាន៖ ក្រវឹលពេជ្រ ០១គូ, មាស ០៨ជី, ខ្សែដៃមាស ០៥ជី, ខ្សែកប្លាទីន ០៧ជី, ពេជ្រចង្ហៀង ០១គូ, ក្រវឹលពណ៌ក្រហម ០១គូ, ក្រវឹលត្បូងពណ៌ខៀវ ០១គូ និងលុយ ៩០ម៉ឺនរៀល ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបាណន់ សហការជាមួយកម្លាំងនគរបាលជំនាញខេត្តបានចុះ ធ្វើការត្រួតពិនិត្យដល់កន្លែងកើតហេតុ និងកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

ដោយ​៖អារុណ​រះ


ចែករំលែក៖