ខេត្តក្រចេះ៖ បុរសម្នាក់ប្រើឧបករណ៍ឆក់ត្រីមិនប្រយ័ត្ន ខុសបច្ចេកទេសបណ្ដាលឱ្យឆក់ខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍ឆក់ត្រីហើយភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចពាមអូរខ្សាលស្ថិតក្នុងភូមិស្រែន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។
សពជនរងគ្រោះឈ្មោះ សាន ឈួង(ហៅម៉ៅ) អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
មុនថ្ងៃកើតហេតុជនរងគ្រោះបានមកស្នាក់នៅចំណុចកើតហេតុដើម្បីស៊ីឈ្នួលកាប់ព្រៃចម្ការឱ្យគេ ហើយក៏បានយកឧបករណ៍នេសាទដោយខុសច្បាប់មានអាគុយ៤០អំពែរ១គ្រឿង,អាំងវែរទ័រ(ដុំឆក់)១គ្រឿង , ដែកចាក់ចំនួន១គូ និង ខ្សែភ្លើងទៅរកឆក់ត្រីនៅចំណុចកើតហេតុខាងលើតែម្នាក់ឯង បណ្ដាលឱ្យឆក់ខ្លួនឯងស្លាប់ភ្លាមៗនៅកន្លែងតែម្ដង។
ក្រោយកើតហេតុកម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាលកន្ទួតបានទទួលដំណឹងក៏សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចិត្របុរីរួមជាមួយអាជ្ញាធរភូមិ,មេឃុំនិងគ្រូពេទ្យមណ្ឌលសុខភាពកន្ទួតចុះទៅដល់កន្លែងកើតហេតុពិនិត្យលើសពពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ហើយធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ជីវ័ន្ត