ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន​ អនុញ្ញាតឱ្យឯអគ្គរាជទូតថៃ បញ្ចប់អាណត្តិចូលជួបសម្ដែងការគួរសម និងជម្រាបលា

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២២​ បានអនុញ្ញាតឱ្យលោក Panyyarak Poolthup ឯអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា​ ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។

បេី​តាមការបញ្ជាក់ពី​លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ​ បានឱ្យដឹងក្រោយជំនួបនោះថា៖ លោក Poolthup បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ រាជរដ្ឋាភិ បាលកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងដល់លោក និងមន្ត្រីស្ថានទូតទាំងអស់ ដែលមិនត្រឹមតែមន្ត្រីស្ថានទូតថៃនោះទេ គឺមន្ត្រីស្ថានទូតទាំងអស់ដែលកំពុងស្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ លោក ក៏បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ ហើយក្នុងនាមជាប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ និងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលជោគជ័យ ដែលនេះសបញ្ជាក់ពីតួនាទីដ៏រឹងមាំរបស់កម្ពុជាលើឆាកអន្តរជាតិ។ 

នាឱកាសនោះ​ លោក Panyyarak Poolthup បានជម្រាបជូនសម្ដេចតេជោថា ក្នុងពេលដែលលោកទើបមកបំពេញបេសកកម្មការទូតនៅកម្ពុជាកាលពីឆ្នាំ២០១៨ លោកបានប្ដេជ្ញាជូនសម្ដេចថា នឹងពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានស្រាប់ ហើយនៅពេលនេះឯកឧត្ដមបានសម្រេចតាមការប្ដេជ្ញារបស់លោក​ហើយ ដែលកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានពង្រីកនិងពង្រឹង ដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង១០ភាគរយ ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ១៩ក៏ដោយ វិស័យអប់រំការអភិវឌ្ឍធនធានមនុស្ស និងវិស័យដទៃទៀតក៏មានការរីកចម្រើនផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោក Poolthup ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញបេសកកម្មកការទូត នាំឱ្យព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង។ សម្ដេចតេជោមានប្រសាសន៍ថា ទោះបីស្ថិតក្នុងកាលៈទេសៈកូវីដ១៩ក៏ដោយ យើងបានខិតខំរួមគ្នាធ្វើការបានល្អ ជំរុញទំនាក់ ទំនងរវាងប្រទេសទាំងពីរផង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀតបានយ៉ាង ល្អជាទីមោទនៈ។ 

គួរបញ្ជាក់ថា លោក Panyyarak Poolthup បានអញ្ជើញមកបំពេញការងារជាឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា កាលពីឆ្នាំ២០១៨។ ក្នុងអំឡុងពេលបំពេញការងារនៅកម្ពុជានេះ លោកបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាច្រើន រវាងកម្ពុជា និងថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នានេះ៕

ដោយ​៖ស​ តារា​


ចែករំលែក៖