ព័ត៌មានទាន់ហេតុការណ៍៖

លួចយន្តហោះ បញ្ជាឱ្យហោះបាន តែមិនចេះបញ្ជាឱ្យចុះចត

ចែករំលែក៖

ក្រោយលួចយន្តហោះធុនតូចមួយគ្រឿង បុគ្គលិកចាក់សាំង នៅអាកាសយានដ្ឋាន បានបញ្ជាយន្តហោះ ហោះហើរជុំវិញលើដែនអាកាសជាច្រើនម៉ោង ដោយមិនចេះបញ្ជាយន្តហោះឲ្យចុះចតនោះឡើយ មិនតែប៉ុណ្ណោះក៏បានព្រមានបើកបុក Walmart ទៀតផង។
លោក Cory Wayne Patterson អាយុ២៩ឆ្នាំ បង្ហោះសារ «លាហើយ»នៅលើបណ្តាញសង្គមហ្វេសប៊ុកទៅកាន់អ្នកជិតស្និទ្ធ។ តាមការលើកឡើងរបស់ស្នងការប៉ូលិសទីក្រុង Tupelo រដ្ឋ Mississippi លោក John Quaka បានឲ្យដឹងថា លោក Patterson គឺជាបុគ្គលិកចាក់សាំងនៅអាកាសយានដ្ឋាន Tupelo ទាំងនោះហើយទើបអាចចូលទៅគៀកយន្តហោះ Beechcraft King Air C90A មានពីរម៉ាស៊ីន អាចដឹកអ្នកដំណើរបាន ៧នាក់។
លោក Patterson បានបញ្ជាយន្តហោះ ហោះហើរនៅវេលាម៉ោង ៥ព្រឹកថ្ងៃទី ៣ខែកញ្ញា (ពេលវេលាក្នុងតំបន់)ជាមួយនឹងសាំងពេញតែម្តង។ រយៈពេល១៥នាទីក្រោយមក លោក Patterson បានហៅទៅកាន់ទីបញ្ជាការបន្ទាន់ ៩១១ដោយប្រកាសថា មានបំណងបុកទៅលើ Walmart នៅតំបន់West Main បង្ខំឲ្យជម្លៀសបុគ្គលិកចេញទៅកាន់តំបន់មានសុវត្ថិភាព ។
កម្លាំងប៉ូលិសបានបញ្ចុះបញ្ជូល លោក Pattersonរហូត ប៉ុន្តែគាត់បាននិយាយថា មិនដឹងចុះចតដោយរបៀបណាឡើយ។ អាកាសយានិកម្នាក់បានណែនាំ Patterson ឲ្យចុះចតនៅអាកាសយានដ្ឋាន Tupelo ប៉ុន្តែគាត់បានសម្រេចលុបចោលគម្រោងចុះចតនៅនាទីចុងក្រោយ ហើយក៏បានបន្តហោះហើរនៅលើដែនអាកាសបន្តទៀត។
នៅវេលាម៉ោង ១០ លោក Patterson ក៏បានបញ្ជាយន្តហោះចុះចតនៅវាលស្មៅ ជិត Ripley, Mississippi ដោយមិនមានរងរបួសនោះឡើយ ចំណែកយន្តហោះវិញ ក៏មិនខូចខាតច្រើននោះដែរ ៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖