ព័ត៌មានទាន់ហេតុការណ៍៖

ត្រឡប់មកពីចម្ការរលោក ខឹម វាសនា វិញ សម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ព្រោះតែឪពុកម្ដាយស្ដីបន្ទោស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានចងកសម្លាប់ខ្លួនបន្ទាប់ពីត្រឡប់មកពីចម្ការលោក ខឹម វាសនា នៅជើងភ្នំគូលែនខេត្តសៀមរាបវិញ ហើយត្រូវបានឪពុកម្ដាយណែនាំ និងស្ដីបន្ទោសឱ្យកូនបន្តិចបន្តួច ព្រោះមិនចង់ឱ្យកូនត្រឡប់ទៅទីនោះវិញ។

    ជនរងគ្រោះដែលបានចងកសម្លាប់ខ្លួនខាងលើនេះមាន ឈ្មោះ ម៉ាត ម៉ាន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង  បានចងកសម្លាប់ខ្លួននៅនឹងដើមឈើក្បែរវាលស្រែនាវេលាម៉ោង៦ៈ៣០នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។

    លោកវរសេនីយ៍ឯក ខែម វិបុល អធិការនគរបាលស្រុកទឹកផុសបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះឱ្យដឹងថា យុវជនដែលបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងខាងលើនេះ គឺបន្ទាប់ពីគេបានត្រឡប់មកពីចម្ការរបស់លោក ខឹម វាសនាវិញ ហើយត្រូវបានឪពុកម្ដាយស្ដីបន្ទោសនិងណែនាំកូនដោយមិនឱ្យត្រឡប់ទៅវិញ ធ្វើឱ្យរូបគេមានការខឹងសម្បានឹងឪពុកម្ដាយដែលបានស្ដីបន្ទោសបន្តិចបន្តួចនោះ ក៏បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងតែម្ដង។

    លោកអធិការបានបន្តឱ្យដឹងទៀតថា: យុវជនរូបនេះបានទៅស្នាក់នៅចម្ការលោក ខឹម វាសនា ជាមួយនឹងមិត្តភក្កិដែលមកពីប្រទេសកូរ៉េ ខណៈនោះឪពុកម្ដាយបានឃាត់កូនមិនឱ្យទៅដែរតែរូបគេនៅតែមិនស្ដាប់ការហាមឃាត់របស់ឪពុកម្ដាយ  ហើយរូបគេបានចេញទៅនៅចម្ការលោក ខឹម វាសនា នៅថ្ងៃទី២៧ ខែសីហា និងបានត្រឡប់មកវិញនៅថ្ងៃទី៣០ ខែសីហា លុះនៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ យុវជនជាជនរងគ្រោះបានសម្រេចចិត្តបញ្ចប់ជីវិតដោយខ្លួនឯងតែម្តង។

   ឆ្លៀតក្នុងឱកាសនេះផងដែរ លោក អធិការក៏សុំផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជ្រុលខ្លួនជឿតាមការអូសទាញរបស់ក្រុមមនុស្សមួយចំនួនដែលបានអូសទាញឱ្យទៅសា្នក់នៅក្នុងចម្ការរបស់លោក ខឹម វាសនា ដើម្បីរក្សាជីវិតដោយសារតែមានទឹកលិចពិភពលោកសល់តែចម្ការលោក ខឹម វាសនាមួយគត់ដែលជាទីជម្រកដល់មនុស្សលោកដែលមានជំនឿអរូបិយខាងលើនេះ ធ្វើឲ្យប្រជាពលរដ្ឋយើងមួយចំនួនបានលង់ជឿហើយបានចាកចេញចោលពីផ្ទះសម្បែងចោលក្រុមគ្រួសារអស់រយៈពេលជា ច្រើនថ្ងៃមកហើយ។ 

    បន្ទាប់ពីមានការពន្យល់ណែនាំពីថ្នាក់ដឹកនាំ ឥឡូវនេះពលរដ្ឋភាគច្រើនបាននិងកំពុងតែត្រឡប់មកផ្ទះសម្បែងវិញជាបន្តបន្ទាប់។ ហេតុនេះប្រសិនបើពួកគាត់យល់ដឹងនិងបានភ្ញាក់ខ្លួនដោយបានត្រឡប់មកផ្ទះវិញហើយនោះ សូមកុំមានការរើសអើងឬស្ដីបន្ទោសឱ្យពួកគាត់អី សុំមេត្តាយោគយល់និងអធ្យាស្រ័យនូវកំហុសមួយភ្លែតដែលពួកគាត់គិតមិនដល់តាមការឃោសនារបស់គេ។ ហេតុនេះសូមឪពុកម្ដាយ ប្រពន្ធ កូនចៅដែលនៅផ្ទះមេត្តាផ្ដល់នូវក្តីសន្តោសប្រណីដល់ពួកគាត់ប្រកបដោយព្រហ្មវិហារធម៌ផង៕

ដោយ ៖ ចន្ថា


ចែករំលែក៖