ព័ត៌មានទាន់ហេតុការណ៍៖

ចិនអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ជាប្រភេទហឺតលើកដំបូង

ចែករំលែក៖

ចិនបានក្លាយទៅជាប្រទេសដំបូងគេបង្អស់ដែលបានអនុម័តវ៉ាក់សាំងបង្ការកូវីដ-១៩ដែលជាប្រភេទហឺត មិនមែនចាក់តាមម្ជុលនោះទេ ។ វ៉ាក់សាំងនេះផលិតដោយ ក្រុមហ៊ុន CanSino Biologics មានទីតាំងនៅទីក្រុង Tianjin ប្រទេសចិន។
តាមសារព័ត៌មាន The Straits Times បានផ្សាយថា ការអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងប្រភេទជាថ្នាំសម្រាប់ហឺតខាងលើ បានជួយឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន CanSino Biologics នៅកោះហុងកុងកើនឡើងដល់ទៅ១៤,៥% នាព្រឹកថ្ងៃទី៥ខែសីហា ។
ស្ថាប័នគ្រប់គ្រងផលិតផលសុខាភិបាលចិនបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង Ad5-nCoV របស់ក្រុមហ៊ុន CanSino Biologics ដើម្បីប្រើប្រាស់បន្ទាន់។ នេះជាប្រភេទថ្មីនៃវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុន CanSino Biologics ។
កន្លងមក វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន CanSino Biologics ត្រូវបានសាកល្បងនៅលើមនុស្សនាខែមីនាឆ្នាំ២០២០ ហើយត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចិន ម៉ិចស៊ីកូ ប៉ាគីស្ថាន ម៉ាឡេស៊ីនិងហុងគ្រី ក្រោយពេលបញ្ចេញទៅកាន់ទីផ្សារនាខែកុម្ភៈឆ្នាំ២០២១។
តាមការលើកឡើងរបស់ ក្រុមហ៊ុន CanSino Biologics បានឱ្យដឹងថា វ៉ាក់សាំងប្រភេទហឺត អាចនឹងជួយការពារការឆ្លងកូវីដ-១៩ បានយ៉ាងល្អ។
បច្ចុប្បន្នក្រុមហ៊ុនជាច្រើនជុំវិញពិភពលោកកំពុងតែស្រាវជ្រាវផលិតវ៉ាក់សាំងប្រភេទហឺតជាជាងចាក់ដើម្បីជំរុញដល់ការប្រើប្រាស់វ៉ាក់សាំងឱ្យបានយ៉ាងច្រើន ពិសេសគឺអ្នកខ្លាចម្ជុល៕

រូប​ថត​ :CanSino Biologics

ដោយ៖ ធីរីណា(រូប​ថត​ ៖ vtc.vn)


ចែករំលែក៖