ព័ត៌មានទាន់ហេតុការណ៍៖

លោក​ សរ​ ចំរុង​៖​ តួនាទី និងភារកិច្ច របស់គណៈកម្មាធិការទី១ គឺជាគណៈកម្មាធិការមួយក្នុងចំណោមគណៈកម្មាធិការជំនាញទាំង១០ របស់រដ្ឋសភា

ចែករំលែក៖

ខេត្ត​តាកែវ៖ បើ​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​តាកែវ​ បានឱ្យដឹងថា​ នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ​ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក សរ ចំរុង ប្រធានគណៈកម្មការ និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងវិស័យនានារបស់ខេត្តតាកែវ។

លោក អ៊ូច ភា បានថ្លែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងមានក្ដីសោមនស្សរីករាយ ដែលឯកឧត្តម លោកជំទាវ  គណៈកម្មការទី១ នៃរដ្ឋសភា ចុះមកសិក្សាស្វែងយល់អំពីវិស័យនានា ដែលស្ថិតក្រោមដែនសមត្ថកិច្ច និងការទទួលខុសត្រូវ របស់គណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា (គណៈកម្មការទី១ នៃរដ្ឋសភា) នៅលើទឹកដីខេត្តតាកែវ ហើយតាមរយៈការចុះមកទឹកដីខេត្តតាកែវនាពេលនេះ វានឹងជួយបង្ហាត់បង្ហាញបន្ថែមទៀតទៅដល់រដ្ឋបាលខេត្តសម្រាប់យកមកអនុវត្តការងារឱ្យកាន់តែរីកចម្រើនថែមទៀត។

មានប្រសាសន៍នាឱកាសចូលរួមនាឱកាសនោះដែរ លោក សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធជាមួយនឹងគណៈកម្មាធិការទី១ របស់រដ្ឋបាលខេត្តតាកែវ ដែលសម្រេចបានលទ្ធផលការងារយ៉ាងល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក សរ ចំរុង បានធ្វើការជម្រាបជូនអំពីតួនាទី និងភារកិច្ច របស់គណៈកម្មាធិការទី១ គឺជាគណៈកម្មាធិការមួយក្នុងចំណោមគណៈកម្មាធិការជំនាញទាំង១០ របស់រដ្ឋសភា ដែលបានបំពេញភារកិច្ចតួនាទី ពិនិត្យមើលបញ្ហាប្រឈមនានា ពាក់ព័ន្ធសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ដើម្បីធ្វើការដោះស្រាយ និងដាក់ជូនក្រសួងពាក់ព័ន្ធដើម្បីធ្វើការពិនិត្យ៕

ដោយ​៖សហការី​


ចែករំលែក៖