ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់អោយលោកឧត្ដមសេនីយ៍ត្រី វ៉ែន រ៉ាវឿន ស្នងការរងជួយការងារការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៅព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បន្តចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងអ្នកបើកបរយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យរកសារធាតុញៀនអ្នកបើកបររថយន្ត ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញ បានដាក់គោលដៅលេីកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២២០ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ជាមួយគ្នានោះ កម្លាំងអធិការស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀននានា ក្នុងភូមិសាស្រ្តរបស់ខ្លួន។
ដោយឡែកនៅពេលរាត្រី កម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ៕
ដោយ៖សហការី