ភ្នំពេញ ៖ នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង១១ៈ៤០នាទីមានករណីអគ្គីភ័យមួយបានឆាបឆេះផ្សារតូច(ទួលសង្កែ)យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅជិតខាងសហការគ្នាដងទឹកជះពន្លត់ រួមជាមួយនឹងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍យ៉ាងសស្រាក់សស្រាំនៅផ្លូវលេខ៩០១ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ដំបូងឡើយគេឃើញមានអណ្ដាតភ្លើងឆេះចេញពីតូបលក់កាហ្វេ ហើយក៏រាលដាលដល់តូបជាប់ៗគ្នា ទើបមានការភ្ញាក់ផ្អើលជាខ្លាំងដល់ពលរដ្ឋរស់នៅជិតខាងចេញមកមើល ដោយអ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យ យកធុង និងតទុយយោទឹកតូចៗតាមផ្ទះសហការគ្គ្នាវាយទម្លុះទ្វារតូបដើម្បីជះនិងបាញ់ទឹកពន្លត់ ។ លុះមួយសន្ទុះក្រោយមកទើបមានកម្លាំងជំនាញចេញរថយន្តបង្ការ ពន្លត់និងសង្គ្រោះអគ្គិភ័យមកដល់កន្លែងកើតហេតុធ្វើការបាញ់ទឹកពន្លត់។
ក្នុងហេតុការណ៍អគ្គិភ័យដែលបណ្តាលមកពីឆ្លងចរន្តអគ្គិសនីនេះ កម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួនតែ០១គ្រឿងនិងពេលវេលាជិត១ម៉ោង មានទាំងបងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការគ្នាបាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរ ។ ចំពោះការខូចខាតវិញគឺឆេះតូបអស់ចំនួន៥តូប តែមិនបង្កឱ្យមានមនុស្សណាម្នាក់រងរបួសនោះឡើយ ៕
ដោយ ៖ ភារ៉ា ដង្កោ