ភ្នំពេញ ៖ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនមួយគ្រឿងបានបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តតូយូ៉តាព្រូសមួយគ្រឿងដែលកំពុងបើកបត់ចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញចំផ្នែកខាងស្ដាំយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តព្រូសវិលមួយជុំដាច់កង់ម្ខាង តែសំណាងល្អមិនមានអ្នករបួសនោះទេ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃចន្ទទី៥ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ត្រង់ច្រកចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនសម្ភពខ្មែរឌីមេឌីឃ័រ ពណ៌ស មិនមានស្លាកលេខបើកតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុីក្នុងទិសដៅពីលិចទៅកើតដោយល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុករថយន្តតូយូ៉តាព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2AV-4597 ដែលធ្វើដំណើរពីកើតទៅលិចហើយបានបត់ចូលព្រលានយន្តហោះចំកង់មុខផ្នែកខាងស្ដាំយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តតូយូ៉តាព្រូសដាច់កង់ម្ខាងនិងវិលមួយជុំធ្វើឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ហើយដោយឃើញថាមិនបះពាល់ដល់សម្បត្តិរដ្ឋទើបបានឱ្យភាគីទាំងពីរសម្របសម្រួលគ្នា ។ ចុងក្រោយខាងរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនបានយល់ព្រមយករថយន្តព្រូសទៅជួសជុលឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕
ដោយ ៖ ភារ៉ា ដង្កោ