ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាន ប្រកាសព័ត៌មានបញ្ជាក់ឱ្យដឹងថា កម្ពុជាបានបរិច្ចាគជំនួយមនុស្សធម៌បន្ទាន់ជូនរដ្ឋាភិបាលប៉ាគីស្ថានដែលកំពុងជួបគ្រោះមហន្តរាយដោយទឹកជំនន់។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា ដើម្បីជាការបង្ហាញស្មារតីសាមគ្គីភាពជាអន្តរជាតិចំពោះប្រទេសប៉ាគីស្ថានជាមិត្ត រាជរដ្ឋាភិបាលកម្ពុជាដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ចាគវិភាគទានជាទឹកប្រាក់ចំនួន៥០,០០០ (ហាសិបពាន់) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌បន្ទាន់ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងបំផ្លិចបំផ្លាញនៅក្នុងប្រទេសនេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានផ្តល់ជំនួយមនុស្សធម៌ចំនួន៥០,០០០ (ហាសិបពាន់)ដុល្លារអាមេរិកដល់ប្រទេសប៉ាគីស្ថានដែលពេលនោះបានជួបប្រទះស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរដូចគ្នានេះដែរ៕
ដោយ ៖ សិលា