ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តបត់ឆ្លងផ្លូវបណ្តាលឱ្យខ្លួនឯងរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ ខណៈបើកម៉ូតូលឿនពេកចាប់ហ្រ្វ័ងមិនទាន់បានជ្រុលទៅបុករថយន្តបើកបត់ឆ្លងផ្លូវចំពីចំហៀងខាងមុខពេញទំហឹង។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BD-4876 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវបម្រុងនឹងចូលទៅក្នុងអគារមួយកន្លែង ។ ខណៈរថយន្តនេះកំពុងបត់ដល់ពាក់កណ្តាលផ្លូវទៅហើយស្រាប់តែមានបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FG-5738 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រដែរតែក្នុងទិសដៅបញ្រ្ចាសគ្នាពីត្បូងទៅជើងយ៉ាងលឿនជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តចំពីចំហៀងខាងស្តាំពេញទំហឹងបណ្តាលឱ្យម៉ូតូគាបជាប់នឹងរថយន្តរងការខូចខាត ចំណែកឯជនរងគ្រោះបានផ្លោងទៅបោកនឹងកញ្ចក់រថយន្តពីមុខរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯម្ចាស់រថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងកើតហេតុ។

     បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖