ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនហើយបានបែកកង់ធ្វើឱ្យរេចង្កូតទៅបុកដើមឈើបាក់អស់មួយដើម តែរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកខឿនថ្មបោកផ្ទប់នឹងរបងក្រុមហ៊ុនមួយ ប៉ុន្តែសំណាល្អដែរដែលមិនបណ្តាលឱ្យមានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចសុីស GS300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា TONA.MUY ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ6A ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបែកកង់ហើតរេចង្កូតមកខាងឆ្វេងដៃឡើងលើខឿនផ្លូវជ្រុលទៅបុកដើមឈើបាក់អស់មួយដើមរាបដល់ដី ចំណែករថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកខឿនចិញ្ចើមផ្លូវបោកផ្ទប់នឹងរបងក្រុមហ៊ុនមួយកន្លែង តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ