ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួន​បានម្នាក់ហើយ​! ជនសង្ស័យជាមុខសញ្ញាឆក់ យ៉ាងសកម្មនៅលើស្ពានស្ទឹងមានជ័យ ក្នុងចំណោមបក្ខពួកចំនួន១២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់​ ដែល​ជាមុខសញ្ញាឆក់យ៉ាងសកម្មនៅលើស្ពានស្ទឹងមានជ័យ ក្នុងចំណោមបក្ខពួកចំនួន១២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅយប់ថ្ងៃ​ទី០៥​ ខែកញ្ញា​ ឆ្នាំ​២០២២។ 

ជនសង្ស័យឈ្មោះ ឈៀង សំណាង ហៅឆ្អឹង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអ៊ីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

របាយការណ៍​ដដែល​បន្តថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង០៩​ និង៣០នាទីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខធនាគារអេប៊ីអេ(ABA) ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចខាងកើតវិទ្យាល័យ ជាស៊ីមសាមគ្គី ផ្លូវលេខ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

ជនរងគ្រោះឈ្មោះ ខេង ម៉ារ៉ាន ភេទស្រី អាយុ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១៥៦ ផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JF ១៩៥៤។ 

បច្ចុប្បន្នជនសង្ស័យ នៅព្រឹកថ្ងៃ​អង្គារ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ កម្លាំងការិយាល័យបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖