ព័ត៌មានទាន់ហេតុការណ៍៖

លោក ខ្លូត ផន ដឹកនាំគណៈប្រតិភូខេត្តកំពង់ចាម ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៥៥ឆ្នាំ នៃថ្ងៃបង្កើតចំណងទំនាក់ទំនងការទូត កម្ពុជា-វៀតណាម នៅខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

ចែករំលែក៖

 ខេត្តកំពង់ចាម ៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម ថ្លែងថា ៖ «ថ្នាក់ដឹកនាំ ព្រមទាំង ប្រជាជនខេត្តកំពង់ចាម និងខេត្តតៃនិញ គឺនៅតែជាបងប្អូននឹងគ្នា ជាដៃគូអភិវឌ្ឍន៍ដ៏ល្អ  សម្រាប់ពេលបច្ចុប្បន្ន និងតទៅអនាគត រៀងរហូត» ។ 

ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស ដែលលោកប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំគណៈប្រតិភូ ខេត្តកំពង់ចាម ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៥៥ឆ្នាំ នៃថ្ងៃបង្កើតចំណងទំនាក់ទំនងការទូត កម្ពុជា-វៀតណាម នៅខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នេះ ។ នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ១. លោក ង្វៀន ថាញ់តឹម លេខាបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តតៃនិញ ឯកឧត្ដម ជាអនុលេខាប្រចាំការបក្ស ជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ក៏ដូចជា ថ្នាក់ដឹកនាំអ្នកមុខ អ្នកការ ក្នុងមន្ទីរ ស្ថាប័ន របស់ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំង លោក ជាអភិបាលរងខេត្ត កងកម្លាំងទាំង ៣ លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ របស់ខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា ជាច្រើននាក់ ផងដែរ ។

លោក ខ្លូត ផន មានប្រសាសន៍បញ្ជាក់ថា កាលពី ៥៥ឆ្នាំ មុនគឺនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ កម្ពុជា និងវៀតណាម បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ជាមួយគ្នា ដែលជាការបើកសករាជថ្មី សម្រាប់ដំណាក់កាល នៃការពង្រីកចំណងមិត្តភាព សាមគ្គីភាពភាពជាប្រពៃណី រវាងប្រជាជន នៃប្រទេសយើងទាំងពីរ ជាប្រទេសដែលជាប់ភូមិផង របងជាមួយគ្នា ។ 

ក្នុងរយៈ ពេល ៥៥ឆ្នាំ កន្លងមកនេះ ប្រទេសយើងទាំងពីរ បានឆ្លងកាត់នូវដំណាក់កាលជាប្រវត្តិសាស្ត្រជាច្រើន ដោយបានជួយគាំទ្រគ្នាទៅវិញ ទៅមក ដើម្បី បុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាព និងការអភិវឌ្ឍន៍ ។ បច្ចុប្បន្ន ប្រជាជន និងប្រទេសយើងទាំង២ បាននឹងកំពុងសប្បាយរីករាយ ដោយការពេញចិត្ត ចំពោះ វឌ្ឍនភាព នៃទំនាក់ទំនងដ៏ល្អ លើគ្រប់វិស័យ ដែលបានផ្ដល់ផលប្រយោជន៍ ទៅវិញទៅមក ដល់ការរីកចម្រើន ផ្នែកសង្គម សេដ្ឋកិច្ច នាំមកនូវការអភិវឌ្ឍន៍ និងវិបុលភាពរួម ដ៏ត្រចះត្រចង់ ។ 

លោកប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម ក៏បានចាត់ទុក សមិទ្ធផល នៃទំនាក់ទំនង ដ៏ជិតស្និតនេះ ត្រូវបានកូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃប្រទេសយើងទាំង២  ចាប់តាំងពីសម័យ ព្រះបាទសម្ដេច ព្រះនរោត្តម សី ហនុ ព្រះបរមរតនកោដ្ឋ ជាមួយនឹងអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលវៀតណាម រហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំស្ដារ និងអភិវឌ្ឍន៍ឡើងវិញ ចេញពីគំនរផេះផង់ បាតដៃទទេ រហូតធ្វើឲ្យពិភពលោក បច្ចុប្បន្នទទួលស្គាល់យ៉ាងខ្លាំង នៅលើឆាកអន្តរជាតិ ទាំងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ នយោបាយការបរទេស និងការអភិវឌ្ឍន៍សង្គម ។ ថ្ងៃនេះ ខេត្តកំពង់ចាម ក៏ដូចជា ប្រទេសកម្ពុជាទាំងមូល មានមោទនភាពយ៉ាងក្រៃលែង ចំពោះ ការប្រែប្រួល នៃការអភិវឌ្ឍន៍ទាំងឡាយ ដែលកើតឡើង ក្រោមដំបូល នៃសុខសន្តិភាពពេញលេញ ក្នុងរយៈពេល ២០ឆ្នាំ ចុងក្រោយនេះ ។ 

លើសពីនេះទៅទៀតនោះ ទំនាក់ទំនងការទូតរវាងកម្ពុជា វៀតណាម បានបង្ហាញយ៉ាងច្បាស់ ពីការជួយគាំទ្រដ៏ស្មោះស្ម័គ្រ និងយ៉ាងពេញទំហឹង របស់វៀតណាម ចំពោះ ការចូលរួមចំណែកក្នុងពលិកម្មដ៏ធំធេង របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការប្រយុទ្ធតស៊ូ វាយរំដោះប្រជាជន និងប្រជាជាតិកម្ពុជា ទាំងមូល ចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី ៧ មករា ១៩៧៩ ផងដែរ ៕ 

ដោយ : សហការី


ចែករំលែក៖