ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូនមួយម្នាក់ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃទៅវិញ?

ចែករំលែក៖

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហោះសារជាសាធារណៈ ដោយមានប្រសាសន៍ថា, ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់របស់ឈ្មោះ ហ៊ុន វិបុល ដែលបន្លំខ្លួនថាជាប្អូនជីដូនមួយរបស់ខ្ញុំពេលនេះខ្ញុំសូមបញ្ជាក់ជូនថាខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះ ហ៊ុន វិបុល ពិតមែនតែប្អូនប្រុស របស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា , ក្មួយរបស់ខ្ញុំបានណែនាំ ហ៊ុន វិបុល តាមរយៈទូរសព្វ័២លើកមកហើយតែមនុស្សនេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយខ្ញុំមិនព្រមឈប់ដែលរឿងនេះអាចបង្កឱ្យមានការភ័នច្រឡំថាខ្ញុំជាមនុស្សមិនរាប់អានបងប្អូន។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា, បងប្អូនជនរួមជាតិបានដឹងហើយថាខ្ញុំបានក្រាញននៀលរួមរស់នៅជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់ក្នុងសង្គមដោយគ្មានការរើសអើង។

សម្តេចតេជោ បន្តថា, និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិ ! ហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូនមួយម្នាក់ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃទៅវិញ?។

សម្តេចតេជោ បញ្ជាក់ថា, សូមប្អូនហ៊ុន វិបុល បញ្ឈប់សកម្មភាពបោកប្រាស់ត្រឹមនេះចុះបើមិនចង់មានរឿង ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖