ខេត្តសៀមរាប ៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងនៅយប់ថ្ងៃអង្គារទី០៦ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះថា៖ នៅបញ្ជាការស្រាលនៅឃុំត្បែង ស្រុកបន្ទាយស្រីបានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដេីម្បីសម្របសម្រួលនូវសកម្មភាពការជួបជុំប្រមូលផ្តុំរបស់គណបក្សLDP ជាឱសានវាទ ត្រឹមវេលាម៉ោង១៧ ថ្ងៃទី០៥ ខែកញ្ញានេះ ដែលគណបក្សLDP បានសន្យាជាមួយអាជ្ញាធរខេត្ត ក្រោមការដឹកនាំរបស់លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត លោកអគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផង។
រដ្ឋបាលខេត្ត បានឱ្យដឹងទៀតថា គិតត្រឹមវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី០៥ កញ្ញា លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឲ្យដឹងថា ការប្រមូលផ្តុំរបស់លោក ខឹម វាសនា នៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ ប៉ុន្តែអាជ្ញាធរត្រូវរៀបចំសម្របសម្រួលឲ្យប្រជាជនចេញទាំងអស់ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ។
ចំពោះ អ្នកដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះ អាជ្ញាធរបានឲ្យម្ចាស់ដីបញ្ជក់ចំនួនឲ្យច្បាស់លាស់ ឲ្យស្របតាមច្បាប់អាស្រ័យផលលើដីឯកជន ។ បន្ទាប់ពីម្ចាស់ដីបញ្ជាក់ចំនួនរួចហើយ អ្នកដែលនៅសល់ត្រូវតែចាកចេញទាំងអស់ ហើយបច្ចុប្បន្ននេះ អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ នៅមានតិចតួចប៉ុណ្ណោះ ហើយអាជ្ញាធរ នឹងបន្តសម្របសម្រួល រវាងម្ចាស់ដីនិង ប្រជាជនដែលត្រូវចាកចេញ។
ក្នុងនោះបងប្អូនដែលបានចេញពីជំរុំ ក៏ត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ យកចិត្តទុកដាក់ធ្វើការត្រួតពិនិត្យសុខភាព ផ្តល់ឱសថព្យាបាល កត្តាសំខាន់ លើការធ្វើតេស្តរកវីរុសកូវីដ-១៩ ក្នុងរយៈពេល៥ថ្ងៃមកនេះ រកឃើញមានវិជ្ជមានកូវីដ-១៩ចំនួន ០២នាក់ផងដែរ ៕
ដោយ៖សហការី