ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ព្រមទាំងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីម្សិលមិញនេះ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រៀមលើកចុងក្រោយ សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងសៀមរាប នាពេលខាងមុខនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការ និងក្រុមការងារលេខាធិការដ្ឋាន មន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងលោក លោកស្រី និងមន្ត្រីជំនាញមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។
វឌ្ឍនភាពសំខាន់ៗ នៃការត្រៀមរៀបចំរបស់អនុគណៈកម្មារជំនាញនីមួយៗ មានដូចខាងក្រោម៖
*អនុគណៈកម្មការខ្លឹមសារ និងឯកសារ និងក្រុមការងារលេខាធិការដ្ឋាន ត្រៀមបញ្ចប់វីដេអូស្តីពីវឌ្ឍនភាព PEDs របស់កម្ពុជា សុន្ទរកថា ឯកសារបទអន្តរាគមន៍នានា និងឯកសារកិច្ចប្រជុំពាក់ព័ន្ធ ជូនប្រធានកិច្ចប្រជុំ AEM លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំទ្វេភាគី ផងដែរ។
*អនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំនិងសិល្បៈ បានចុះពិនិត្យមើលនិងត្រៀមរួចរាល់នូវទីតាំងរៀបចំកិច្ចប្រជុំ សណ្ឋាគារស្នាក់នៅ ការត្រៀមទទួលបដិសណ្ឋារកិច្ច វត្ថមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងរដ្ឋមន្រ្តីសេដ្ឋកិច្ចពីបណ្តាសមាជិកចូលរួម ការធានាប្រព័ន្ធសន្តិសុខ ការសម្រួលដល់ការធ្វើតេស្តយកសំណាក PCR និងបន្ទប់សង្រ្គោះបន្ទាន់ និងការត្រៀមរៀបចំចាំបាច់ដទៃទៀត។ ក្នុងនោះ ក៏បានត្រៀមរួចរាល់នូវការហាត់សម និងចាត់ចែងឱ្យមន្រ្តី LOs និង SOs ត្រៀមទទួលគណៈប្រតិភូទៅតាមជើងហោះហើរ និងបានត្រៀមរៀបចំកម្មវិធី Spouse ផងដែរ។
*អនុគណៈកម្មការផ្សព្វផ្សាយព័ត៌មាន កំពុងពិនិត្យបញ្ចប់វីដេអូផ្សព្វផ្សាយ ការចុះឈ្មោះក្រុមសារព័ត៌មានជាតិនិងអន្តរជាតិ ក៏ដូចជាការត្រៀមរួចរាល់នូវអត្ថបទព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយតាមវិទ្យុជាតិ ប៉ុស្តិ៍ទូរទស្សន៍ជាតិ និងការផ្សព្វផ្សាយលើប្រព័ន្ធបណ្តាញសង្គមជាដើម។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ជូនអនុគណៈកម្មការនីមួយៗ ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន ដូចខាងក្រោម៖
• បន្តកិច្ចសហការដ៏ល្អប្រសើរជាមួយក្រុមការងារលេខាធិការដ្ឋានអាស៊ាន លើការងាររៀបចំឯកសារ និង Logistics នានាពាក់ព័ន្ធនឹងដំណើរការប្រព្រឹត្តទៅនៃកិច្ចប្រជុំ។
• ត្រូវពិនិត្យឆ្លើយតបនឹងសំណួរ និងពិនិត្យលទ្ធភាពដោះស្រាយសំណើនានាពាក់ព័ន្ធនឹងបញ្ហា Logsitcs Arrangement និងការរៀបចំទូទៅ តាមលទ្ធភាពជាក់ស្តែង។
• ក្នុងអំទ្បុងពេលនៃកិច្ចប្រជុំ អនុគណៈកម្មការទាំងអស់ត្រូវតាមដាននិងពិនិត្យមើលដំណើរការនៃកិច្ចប្រជុំឱ្យបានល្អិតល្អន់ សំដៅអាចដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងទាន់ពេលវេលា។
លោករដ្ឋមន្រ្តី បន្តថា ដំណើរការរៀបចំកន្លងមកមានវឌ្ឍនភាពល្អប្រសើរនិងប្រព្រឹត្តទៅបានយ៉ាងរលូន បើទោះជាមានឧបសគ្គមួយចំនួនក្តី ដោយក្រុមការងារអនុគណៈកម្មការទាំងអស់មានស្មារតីបុរេសកម្ម យកចិត្តទុកដាក់ មានជំហរនិងភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហា និងជាពិសេសមានសាមគ្គីភាពល្អជាមួយគ្នា។
នៅកិច្ចបញ្ចប់ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើចំពោះ លោក លោកស្រី ជាប្រធាន និងអនុប្រធានអនុគណៈកម្មការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញកាតព្វកិច្ច និងតួនាទីក្នុងស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំកិច្ចប្រជុំនានាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចឱ្យប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានលទ្ធផលជូនជាតិយ៉ាងល្អប្រសើរ៕
ដោយ៖សហការី