ឯកសារសម្ងាត់ស្តីពីប្រព័ន្ធការពាររបស់រដ្ឋាភិបាលបរទេស ក្នុងនោះមានទាំងថាមពលបរមាណូផងដែរ ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់លោកត្រាំ ។
សារព័ត៌មាន Washington Post នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ឯកសារមួយច្បាប់ដែលមានពិពណ៌នាពីវិស័យការពារជាតិ ក្នុងនោះរួមមានទាំងសមត្ថភាពនុយក្លេអ៊ែររបស់រដ្ឋាភិបាលបរទេសមួយ ត្រូវបានគេរកឃើញនៅក្នុងការឆ្មក់ឆែកឆេរផ្ទះរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋផ្លរីដា កាលពីពេលថ្មីៗនេះ។
សារព័ត៌មាន Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប៉ុន្តែក្រុមមន្ត្រីអាមេរិកនេះដដែល មិនបានបញ្ជាក់ពីអត្តសញ្ញាណនៃរដ្ឋាភិបាលបរទេសដែលត្រូវបានពិពណ៌នាក្នុងឯកសារខាងលើទេ ហើយក៏មិនបានលម្អិតថា តើ រដ្ឋាភិបាលបរទេសនោះគឺជាមិត្តឬក៏ជាសត្រូវរបស់សហរដ្ឋអាមេរិកនោះដែរ។ បន្ថែមពីលើនេះ ខាងអ្នកតំណាងលោក ត្រាំ និងក្រសួងយុត្តិធម៌អាមេរិកក៏មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការចុះផ្សាយរបស់ Washington Post នៅឡើយដែរ។
នៅក្នុងប្រតិបត្តិការចុះឆែកឆេរផ្ទះលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៨ ខែសីហាកន្លងទៅ ប៉ូលិស FBI ត្រូវបានគេរាយការណ៍ថាបានរកឃើញឯកសារ និងរូបថតជាង ១១,០០០សន្លឹក ហើយនៅក្នុងចំណោមឯកសារទាំងនោះ មានទាំងឯកសារសម្ងាត់បំផុតផងដែរ ដែលWashington Post អះអាងថា សូម្បីតែមន្ត្រី សន្តិសុខជាតិជាន់ខ្ពស់របស់រដ្ឋបាលលោក ចូ បៃឌិន ក៏មិនមានសិទ្ធិត្រួតពិនិត្យដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ AP
រូបថត ៖ tienphong.vn