ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២០:១៥នាទី កម្លាំងផែននគរបាលយុត្តិធម៌នៃ អធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានទទួលពាក្យបណ្តឹង១ករណីពីបទហិង្សាក្នុងគ្រួសារ កើតឡើងនៅចំណុចផ្ទះ លោកស្រី ប៉ែន ចាន់ថន សមាជិកភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ។
ជនរងគ្រោះឈ្មោះ ប៉ែន ចាន់ថន ភេទស្រី អាយុ៥០ឆ្នាំ មុខរបរសមាជិកភូមិ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យ)។
ជនសង្ស័យឈ្មោះ ប៉ែន ចាន់រ៉ាម ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ)។
បើតាមសមត្តកិច្ចផែនយុត្តិធម៌នៃអធិការដ្ឋានក្រុងប៉ៃលិនបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ែន ចាន់រ៉ាម ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ ប៉ែន ចាន់ថន រស់នៅភូមិ/ឃុំកើតហេតុខាងលើ មុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូមកដល់ផ្ទះជនរងគ្រោះជាបងស្រីដើម្បីមើលម៉ែឈឺ។ ពេលមកដល់ក៏បាននិយាយថា ហេតុអីមិនមើលថែម៉ែឱ្យបានល្អ ហើយថ្នាំដែលទិញមកម៉េចមិនដាក់ឱ្យម៉ែលេប? ពេលនោះជនរងគ្រោះជាបងស្រី បានឆ្លើយតបថា បើអញមិនដឹងថ្នាំអីផង្នហ្នឹង! ទើបបង្កឱ្យមានទំនាស់ពាក្យសម្ដីគ្នា រហូតឈានដល់វ៉ៃគ្នាទៅវិញទៅមកដោយដៃនឹងដៃបណ្ដាលឱ្យមានស្នាមហើមជាំនៅលើថ្ងាសនិងរងរបួសហូរឈាម។
យោងតាពាក្យបណ្តឹងនិងសំណូមពររបស់ដើមបណ្តឹងដែលជាជនរងគ្រោះបានសំណូមពរឱ្យកម្លាំងសមត្ថកិច្ចអនុវត្តតាមនីតិវិធី។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញបានស្នើសុំយោបល់លោកស្នងការ ដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ត។
ដោយ៖ ស សារ៉េត