ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងខណៈតៃកុងប្រហែលជាបេីកបរក្នុងស្ថានភាពងងុយដេកបានរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវបណ្ដាលឱ្យក្រឡាប់ផ្ងារជើង រងការខូចខាត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ តាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រធុនធំមួយគ្រឿងដឹកទំនិញពេញ ពណ៌ត្រេអុី ក្បាលពណ៌លឿង គ្មានស្លាកលេខ បើកដោយបុរសម្នាក់តាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ប្រហែលជាតៃកុងរថយន្តងោកមួយភាំងហើតបានជារេចង្កូតមកខាងឆ្វេងដៃ បណ្ដាលឱ្យឡើងលើសួនពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងចាក់ទំនិញពេញផ្លូវ តែសំណាងល្អមិនបណ្តាលឱ្យមនុស្សរងរបួសឡើយ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យ រួចក៏បានទាក់ទងទៅកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ