ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បុរស​២នាក់ ពាក់ព័ន្ធ​នឹងការបាញ់សម្លាប់​សត្វព្រៃ​ដោយ​ខុសច្បាប់​ ក្នុង​តំបន់ការពារធម្មជាតិ​នៅ​ស្រុក​ថ្មបាំង​

ចែករំលែក៖

ខេត្ត​កោះកុង​៖​ ជនស៉ីវិល២នាក់​ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវ​បានកម្លាំង​កងរាជអាវុធហត្ថ និង​បុគ្គលិក​អង្គការ​ស​ម្ព័​ន​មិត្ត​សត្វព្រៃ ឃាត់ខ្លួនពាក់ព័ន្ធ​នឹងការបាញ់សម្លាប់​សត្វព្រៃ​ដោយ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​នៅ​ស្រុក​ថ្មបាំង​ កាលពីយប់ថ្ងៃទី​៦ ខែកញ្ញា​ ​ឆ្នាំ​២០២២​ នៅ​ភូមិ​ទឹកល្អក់​ឃុំ ជី​ផាត​ស្រុក​ថ្មបាំង ខណៈបក្ខពួកពីរ​នាក់​ផ្សេងទៀត​កំពុង​រត់គេចខ្លួន។​ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២២។ 

​របាយការណ៍​ដដែល​បន្តថា​ បុរស​​ទាំង២នាក់នេះ៖​ ទី​១.ឈ្មោះ​ ស្រី វាសនា អាយុ ៣៥​ឆ្នាំ មានមុខ​របរ ជា​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ ភូមិ​អូរ​ដឹ​ម សង្កា​ក់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ និង​ទី​២.​ឈ្មោះ ហុង រ័ត្ន​មុនី​ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ​។

ចំណែក​​វត្ថុតាង​ដែរ​បាន​ដកហូត​រួមមាន​៖ រថយន្ត​ម៉ាក ហ្វ​ត​ពណ៌​ត្រេអុី ពាក់​ផ្លាកលេខ​២-៤៧៩៣ ខេ​មរ​:​ភូមិន្ទ​២ ចំនួន​មួយគ្រឿង , សត្វ​ប្រើស​មួយ​ក្បាល​, សំពោច​មួយ​ក្បាល​, សាច់សត្វ​មួយ​ស្បោង​តូច​, អាវុធ​ចំនួន​ប្រាំ​ដើម (​វែង​០២​ដើម ខ្លី​០៣​ដើម )​និង​គ្រាប់​ចំនួន​៥៩​គ្រាប់ ។​

​ប៉ុន្តែ​ជុំវិញករណីខាងលេីនេះ​ សមត្ថកិច្ច​នគរបាល​ខេត្តកោះកុង មិនបាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ជនសង្ស័យ​ជា​កងកម្លាំង​នៅ​អង្គភាព​នោះទេ ក្នុងពេល​ពួកគេ​បាន​បើកប​រថយន្ត​ផ្លាកលេខ ខ​.​ម ចូលទៅ​តំបន់ការពារធម្មជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ដើម្បី​បរបាញ់​សត្វ​។

​ដោយ​ឡែកអនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ​លោក វ៉េ​ត សុខ​នី​ម ក៏បានឱ្យ​ដឹងដែរថា បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​ឃុំខ្លួន​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ដោយ​បន្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

ដោយ​៖សហការី​


ចែករំលែក៖