ខេត្តសៀមរាប ៖ ទំនងជាមិនអាចលេងសើចតទៅទៀតនឹងខ្លាចមានបញ្ហាទៅថ្ងៃក្រោយឈ្មោះ នី ចាន់ពិនិត្យ ដែលបញ្ជាក់ក្នុងលិខិតចុះថ្ងៃទី ៦ កញ្ញា ឆ្នាំ ២០២២នេះ ថា រូបលោកគឺជាតំណាងគណបក្សសម្ព័ន្ដដើម្បីប្រជាធិបតេយ្យនិងជាម្ចាស់ដីស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានស្នើសុំរដ្ឋបាលខេត្ត សៀមរាបជួយអន្តរាគមន៍ និងចាត់វិធានការចំពោះប្រជាពលរដ្ឋ ដែលបានចូលមក ស្នាក់នៅក្នុងដីចម្ការរបស់ខ្លួនហើយមិនព្រមវិលត្រឡប់ទៅផ្ទះវិញឱ្យចាកចេញពីចម្ការរបស់ខ្លួនតាមការសន្យាជាមួយអាជ្ញាធរ។
លិខិតលោកឈ្មោះ នី ចាន់ពិនិត្យ ដដែលបានបញ្ជាក់ថា រូបខ្លួននិងតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៥នាក់ផ្សេងទៀតធ្លាប់បានសន្យា ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានជម្រាបជូនអាជ្ញាធរខេត្តសៀមរាបថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតនៅបរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ថ្នាក់ ដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានធ្វើកិច្ច សន្យាប្រកាសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដែលបានស្នាក់នៅក្នុងចម្ការដីទាំង២ ទីតាំងចាកចេញត្រឡប់ទៅផ្ទះវិញ រៀងៗខ្លួនក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ត្រឹមវេលាម៉ោង ១៧ និង៣០នាទី ប៉ុន្តែរហូតមកដល់ពេលនេះមានប្រជាពលរដ្ឋមួយចំនួនក្រៅពីក្រុមការងារគណបក្ស ពុំព្រមចាកចេញពីដីចម្ការនោះនៅឡើយ។
លោក នី ចាន់ពិនិត្យ បានសរសេរក្នុងលិខិតដដែលនោះថា ក្នុងន័យនេះ ខ្ញុំបាទសូមគោរពស្នើសុំ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មេត្តាជួយអន្តរាគមន៍ ឬចំណាត់ការផ្លូវច្បាប់ឱ្យពួកគាត់ចាកចេញពីដីចម្ការខ្ញុំបាទទាំង ០២ទីតាំង។
គួរបញ្ជាក់ថា សកម្មភាពរបស់ប្រជាពលរដ្ឋ ដែលចេញពីដីចម្ការលោក ខឹម វាសនា នៅម៉ោង ៦ ល្ងាចដល់ម៉ោង ៦ ព្រឹក ថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២២ នេះសរុប៦៤នាក់ ស្រី២៧នាក់(ក្មេង៨នាក់)រីឯសន្តិសុខស្ងប់ស្ងាត់ធម្មតា ៕
ដោយ៖ សូរិយា