ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀង ឈួន សុវណ្ណឆៃ មានទុក្ខធំក្រោយម្តាយបង្កើតទទួលមរណភាព

ចែករំលែក៖

  ភ្នំពេញ៖ ម្តាយបង្កើតរបស់តារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវបាននាងព្យាយាមបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនាប្រទេសថៃនោះបានទទួលមរណភាពហើយ។ ដំណឹងនេះត្រូវបាននាងទម្លាយកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែកញ្ញា ខណៈដែលពិធីបុណ្យសព នឹងត្រូវរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តសំរោងអណ្តែត នារាជធានីភ្នំពេញ។ 

  មុននេះអ្នកនាងឈួន សុវណ្ណឆៃ បានបញ្ចេញសំណេរសោកសៅជាបន្តបន្ទាប់ក្រោយពីស្ថានភាពជំងឺរបស់ម្តាយមិនអាចស្រាកស្រាននោះ។ សំណេរនេះបានចាក់ដោតចំបេះដូងមិត្តរួមអាជីព និងអ្នករាប់អាននាង  ដែលពួកគាត់មិនអាចជួយអ្វីបានក្រៅពីការជូនពរ និងបន់ស្រន់ជាមួយនាង។ សំណេរនេះក៏បានឆ្លុំបញ្ចាំងពីទំហំទឹកចិត្តអាណិតស្រលាញ់ម្តាយថាមានទំហំធំធេញប៉ុណ្ណាដែរបើទោះបីជាទឹកចិត្តដែលនាងមានចំពោះម្តាយច្រើនលើសលប់មិនអាចបរិយាយបានអស់ក៏ដោយ។ មច្ចុរាជមិនប្រណី ស្ថានភាពជំងឺដោយសារស្ថានភាពជំងឺមិនអាចធូស្បើយ និងគ្មានសង្ឃឹមនោះម្តាយរបស់អ្នកនាងត្រូវបានដឹកបញ្ជូនតាមយន្តហោះត្រឡប់មកទឹកដីកំណើតវិញហើយ ហើយនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែកញ្ញា នេះ ម្តាយរបស់អ្នកនាងបានទទួលមរណភាព ដែលធ្វើឲ្យអ្នកក្នុងនិងក្រៅចង្កោមសិល្បៈផ្ញើសាររំលែកទុក្ខ និងការចូលរួមសោកស្តាយក្នុងការបាត់បង់ម្តាយជាទីគោរពស្រលាញ់របស់អ្នកនាង។ មុននេះអ្នកនាងបានបញ្ចេញសារនៅលើបណ្តាញសង្គមដោយបានបញ្ជាក់អំពីអារម្មណ៍ និងការផ្ញើសារទៅកាន់សាច់ញាតិមិត្តភក្កិដែលចង់ចូលរួមពិធីបុណ្យសពម្តាយរបស់អ្នកនាង។ អ្នកនាងបានលើកឡើងថាម៉ែពិតជា ដាច់ចិត្តណាស់ ទៅចោលកូន  ទាំងគ្មានពាក្យលាគ្នាសូម្បីបន្ដិចសូមឲ្យវិញ្ញាណក្ខន្ធរបស់ម៉ែបានទៅកាន់ទីសុខ សូមជាតិ ណាៗកូនរស់ក្រោមម្លប់ ដ៏ ត្រជាក់ត្រជំ របស់ម៉ែ  គ្រប់ៗជាតិ  ហើយសូម ជូន ដំណឹង ដល់  ពុកម៉ែបងប្អូនថាសពម្ដាយនាងខ្ញុំបានរៀបចំធ្វើបុណ្យនៅវត្ត សំរោង អណ្ដែត  ដូច្នេះហើយនាងខ្ញុ ក៏សូមអធ្យាស្រ័យពីចម្ងាយផងដោយក្ដីអនុគ្រោះពី នាងខ្ញុំឈួន សុវណ្ណឆៃ ។ 

  នេះក៏ជាដំណឹងដល់ក្រុមគ្រួសារសាច់ញាតិ មិត្តភក្កិ ដែលបានស្គាល់តារាចម្រៀង ឈួន សុវណ្ណឆៃ ចូលរួមកម្មវិធីបុណ្យសពដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ។ សារព័ត៌មានយើងក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារអ្នកនាង ឈួន សុវណ្ណឆៃ និងសូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណក្ខន្ធ របស់ឧបាសិកា ហួតឡាប ឱ្យបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖