ព្យុះកំណាច Hinnamnor បានបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិត មនុស្សជាច្រើន បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។ ព្យុះ Hinnamnor បានធ្វើឱ្យសាលារៀនជាងពាក់កណ្តាលនៅកូរ៉េខាងត្បូងត្រូវបិទទ្វារ ដោយរៀនតាមអនឡាញវិញនៅថ្ងៃទី ៧ខែកញ្ញា។
ជាមួយគ្នានេះដែរ អាកាសយានដ្ឋានអន្តរជាតិចំនួន១២នៅកូរ៉េខាងត្បូងត្រូវបានផ្អាកការហោះហើរចំនួន២៥១ជើង។ ជាមួយគ្នានេះដែរ ជើងរថភ្លើងចំនួន៣៥៤ក៏ត្រូវបានលុបចោលផងដែរ ។
មន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃទី ៧ខែកញ្ញាបានប្រកាសថា មានអ្នកស្លាប់ដោយព្យុះកំណាចមានឈ្មោះថា Hinnamnor ដែលបានបក់បោកចូលក្នុងប្រទេសនេះ បានសម្លាប់មនុស្ស១០នាក់ និងបាត់ខ្លួនជាច្រើននាក់ផងដែរ។ ព្យុះ Hinnamnor បានវាយលុកឆ្នេរសមុទ្រភាគខាងត្បូងជាមួយនឹងរលកដ៏ធំនិងភ្លៀងធ្លាក់យ៉ាងខ្លាំង ក្នុងសប្តាហ៍នេះ។
ទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយនិងសុវត្ថិភាពបានឱ្យដឹងថា នៅទីក្រុងកំពង់ផែ ភាគអាគ្នេយ៍នៃទីក្រុង Pohang ដែលជាតំបន់រងគ្រោះខ្លាំងបំផុត សាកសពចំនួន៧នាក់ និងអ្នកនៅរស់រានមានជីវិតពីរនាក់ត្រូវបានទាញចេញពីចំណតក្រោមដីដែលលិចទឹកនៃអគារផ្ទះល្វែងមួយ។
អ្នកទាំងប្រាំបួននាក់ត្រូវបានជាប់ បន្ទាប់ពីពួកគេបានចូលទៅក្នុងចំណតរថយន្តដើម្បីផ្លាស់ទីរថយន្តរបស់ពួកគេក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះបានបន្តនៅថ្ងៃពុធ ហើយអាជ្ញាធរបាននិយាយថា មនុស្សពីរនាក់នៅតែបាត់ខ្លួននៅឡើយ។
ព្យុះ Hinnamnor បានបង្ខំមនុស្សជាង ៤៧០០ នាក់ឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដើម្បីសុវត្ថិភាព ហើយវាបានបំផ្លាញផ្ទះនិងអគារប្រហែល១២.០០០ខ្នង។ អាជ្ញាធរបាននិយាយថា គ្រួសារជិត៩ម៉ឺន គ្មានថាមពលប្រើប្រាស់នៅទូទាំងប្រទេស ខណៈដែលព្យុះបានវាយប្រហារ ប៉ុន្តែការផ្គត់ផ្គង់ត្រូវបានស្ដារឡើងវិញដល់ពួកគេភាគច្រើន នៅព្រឹកថ្ងៃទី៧ខែកញ្ញា៕ ដោយ៖ ធីរីណា
រូបថត៖ ttxvn
រូបថត៖YONHAP/TTXVN