អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឱ្យដឹងថា រុស្ស៊ីនិងអ៊ុយក្រែនត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនពេលជួបពិភាក្សាផ្ទាល់រវាងប្រមុខដឹកនាំប្រទេសទាំងពីរ។
សារព័ត៌មាន Izvestia របស់រុស្ស៊ីបានដកស្រង់សម្តីលោក Dmitry Peskov ដែលបានឱ្យដឹងថា មុនពេលប្រធានាធិបតីពូទីនជួបជាមួយសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ដោយផ្ទាល់ រុស្ស៊ីនិងអ៊ុយក្រែនចាំបាច់ត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានឡើងគម្រោងពីមុនមក។
លោក Dmitry Peskov បានឱ្យដឹងទៀតថា« ដើម្បីឱ្យមានជំនួបកំពូល ចាំបាច់ត្រូវតែអនុវត្តការងារជាច្រើន …បច្ចុប្បន្នមិនទាន់មានកិច្ចពិភាក្សាលើបញ្ហានោះឡើយ»។
កាលពីចុងសប្តាហ៍កន្លងមក បណ្តាញទូរទស្សន៍ Rossiya1 បានលើកឡើងថា ទីក្រុងមូស្គូនឹងជូបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លុះត្រាណាទីក្រុងកៀវ បំពេញសំណើរបស់រុស្ស៊ីសិន។
ពាក់ព័ន្ធនឹងការធ្វើសង្គ្រាមនៅអ៊ុយក្រែន លោក Peskov ប្រកាសថា អ្វីគ្រប់យ៉ាងកំពុងតែដំណើរការតាមគម្រោង ហើយកម្លាំងទាហានរុស្ស៊ីនឹងសម្រេចបានគ្រប់គោលដៅ៕
ដោយ៖ ធីរីណា(រូបថត ៖ NLDO)