ព័ត៌មានទាន់ហេតុការណ៍៖

លោក​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ទទួលជួប ក្រុមការងារទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)

ចែករំលែក៖

ភ្នំពេញ​៖​ នេះបើ​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី០៨​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប ក្រុមការងារទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោក  Hyunjun Rho ប្រធាន KOICA ប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ​ កាលពីរសៀលថ្ងៃទី៧ ខែកញ្ញាម្សិលមិញ​នេះ​។ 

នាឱកាស​នោះ​ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួងបរិស្ថាន និង KOICA ជាពិសេសលើកិច្ចគាំពារបរិស្ថាន។ 

លោករដ្ឋមន្ត្រី បានស្នើឱ្យភាគី KOICA ពិនិត្យលទ្ធភាពលើការពង្រីកកិច្ចសហប្រតិបត្តិបន្ថែមទៀត ជាអាទិ៍ ការរៀបចំនិងបំពាក់សម្ភារៈមន្ទីរពិសោធន៍នៃក្រសួងបរិស្ថាន ការគ្រប់គ្រងសំរាម សំណល់រឹង ការរៀបចំទីលានទុកដាក់សំរាម សំណល់រឹង ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកស្អាតនៅថ្នាក់ក្រោមជាតិ ព្រមទាំងការពង្រីកទីផ្សារសម្រាប់ផលិតផលពីតំបន់ការពារធម្មជាតិ។ 

ជាការឆ្លើយតប លោក Hyunjun Rho បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី សាយ​ សំអាល់​ សម្រាប់ការគាំទ្រគម្រោងនានារបស់ KOICA កន្លងមក និងបានគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏សំខាន់មួយរបស់ KOICA ។ ជាមួយគ្នានេះ KOICA នឹងពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិបន្ថែមទៀតលើវិស័យបរិស្ថានជាមួយកម្ពុជា៕

ដោយ​៖សហការី​


ចែករំលែក៖