ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកចៅសង្កាត់បឹងកក់ទី២ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ និងលោកស្រី បានចុះសួរសុខទុកបងប្អូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់បឹងសាឡាង ជាមួយគ្នានេះ ក៏ទទួលបានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ស្នើសុំជួយដល់លោកយាយក្រីក្រម្នាក់ដែលរស់នៅលើច្រកផ្លូវតូចមួយ ដែលមិនព្រមចូលនៅក្នុងផ្ទះរបស់គាត់ មូលហេតុខ្វះបង្គន់អនាម័យ។
ជាក់ស្ដែងដោយមើលឃើញពីការលំបាករបស់លោកយាយ លោកអភិបាលខណ្ឌ បានឧបត្ថម្ភការចំណាយ ធ្វើបង្គន់អនាម័យ ទ្វារផ្ទះ ដាក់ភ្លើងបំភ្លឺតាមផ្លូវ ជូនលោកយាយ លើសពីនោះ ក៏បានជួយជួសជុលប្រព័ន្ធលូ ជូនដល់ប្រជាពលរដ្ឋជិតខាងនោះផងដែរ។
សូមជម្រាបដែរថា កាលពីថ្ងៃទី០៧ ខែកញ្ញាម្សិលមិញនេះ លោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងប្រជាការពារសណ្ដាប់ធ្នាប់ ខណ្ឌ ចុះជួសជុលដំបូលផ្ទះ ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយពិបាកក្នុងការរស់នៅ និងបានឧបត្ថម្ភថវិកាមួយចំនួនបន្ថែមទៀត ជូនប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ។
នាឱកាសចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនោះ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជួយសម្រាលជីវភាពមួយគ្រាដល់ប្រជាពលរដ្ឋ ចាស់ជរា ជនពិការភាព និងជនគ្មានទីពឹងជួបការខ្វះខាត ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ភូមិទី១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បន្ទាប់ពីទទួលបានការផ្ដល់ព័ត៌មានរបស់បណ្ដាញចលនាស្ត្រីខណ្ឌ។
ជាមួយគ្នានោះ នៅថ្ងៃទី៧ ខែកញ្ញាដដែលនោះ លោកស្រី អាន ផល្លា សមាជិកាសាខាសមាគមនារីរាជធានីភ្នំពេញ តំណាងលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក និងជាអភិបាលខណ្ឌ រួមដំណើរដោយ ក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌ ក្រុមការងារអនុសាខាសមាគមនារីខណ្ឌ និងអាជ្ញាធរសង្កាត់ផ្សារដេប៉ូទី១ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ និងចាស់ជរាសរុបចំនួន ០៥ គ្រួសារក្នុងភូមិ១ សង្កាត់ផ្សារដេប៉ូទី១ ។
ដោយឡែកអំណោយបានផ្ដល់ជូន ក្នុង ០១ គ្រួសារៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម ទឹកត្រី ០១ យួរ មីកំប៉ុង១យួរ ទឹកបរិសុទ្ធ ០១ កេស នំបន្លែ២កញ្ចប់ធំ ជែលលាងដៃ ០១ ដប ម៉ាស់ ០១ ប្រអប់ និងថវិកាមួយចំនួន៕
ដោយ៖សហការី