ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំថា មន្ត្រីនគរបាល និងមន្ត្រីមុខងារសាធារណៈទាំងអស់ត្រូវធ្វើការបម្រើប្រជាពលរដ្ឋ ដោយគ្មានការរើសអើង លើនិន្នាការនយោបាយឡើយ ដោយក្នុងពេលដែលធ្វើសំណុំរឿងអ្វីមួយមិនត្រូវគិតថា បុគ្គលនេះមកពីបក្សណានោះទេ។ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ ក្នុងខណ្ឌឬស្សកែវ រាជធានីភ្នំពេញ ។ នេះបេីយោងតាមប្រភពព័ត៍មានពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី០៨ ខែកញ្ញា ឆ្នាំ២០២២។
សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា ក្នុងពេលដែលកងកម្លាំងត្រូវធ្វើការងារជួយសង្គ្រោះ ឬផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋមិនត្រូវគិតថាពលរដ្ឋរូបនេះមកពីបក្សនយោបាយណា ប្រសិនបើមន្ត្រីនគរបាល និងមន្ត្រីមុខងាសាធារណៈគិតបែបនេះ គឺមិនត្រឹមត្រូវនោះទេព្រោះយើងមានតួនាទីបំរើប្រជាពលរដ្ឋ។
ក្នុងឱកាសនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងអំពីការលើកសរសើរដល់មន្ត្រីនគរបាលដែលមានសមត្ថភាពបំពេញភារកិច្ចបានល្អ និងការដាក់ពិន័យចំពោះមន្ត្រីនគរបាលដែលបានប្រពឹត្តកំហុសឆ្គងផងដែរ ដោយសម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលណាដែលមិនគោរពគោការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាល ឬមួយគោលការណ៍របស់ក្រសួង ស្ថាប័ន អង្គភាព គឺត្រូវតែទទួលពិន័យ ដើម្បីធានាដល់សុវត្ថិភាព និងការពារកត្តិយសសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាល។
លើសពីនេះ សម្តេចក្រឡាហោម ស ខេងលើកឡើងថា ដើម្បីបង្កើតកសាងកងម្លាំងមួយប្រកបដោយវិជ្ជាជីវៈ សមត្ថភាព គុណធម៌ សមធម៌ វិន័យចាំបាច់ត្រូវតែធ្វើការងារពីដើមដល់ចុងបញ្ចប់ឱ្យបានល្អ ។ ការចាប់ផ្តើមគឺការជ្រើសរើសមន្ត្រីចូលក្របខណ្ឌនគរបាល ក្នុងនោះផងដែរមន្ត្រីទាំងនោះត្រូវទទួលបានការរៀនសូត្រ បណ្តុះបណ្តាលនេះជាគោលការណ៍ដែលមិនអាចខ្វះបាន ដើម្បីបង្កើនសមត្ថភាព ហើយមន្ត្រីដែលមិនឆ្លងកាត់ការបណ្តុះបណ្តាល មិនអាចប្រគល់តួនាទីភារកិច្ចឱ្យបានទេ៕
ដោយ៖ស តារា