ព័ត៌មានទាន់ហេតុការណ៍៖

ជាង៨ខែឆ្នាំនេះកម្លាំងមានសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៤ពាន់ករណី ដកហូតថ្នាំញៀនជាង៦តោន

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បាន ឱ្យដឹងថា នៅក្នុងរយៈពេលជាង៨ខែឆ្នាំ២០២២នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនានជាង ៤ពាន់ករណី ដកហូតថ្នាំញៀនទម្ងន់ជាង៦តោន។ មានការកត់ សម្គាល់ថា  មួយរយៈចុងក្រោយនេះពួកឈ្មួញជួញដូរគ្រឿងញៀនជាជនបរទេសបានធ្វើសកម្មភាពឆ្លងដែនក្នុងទ្រង់ទ្រាយធំ។

ប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិបាន​ឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀន ​ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ​សមត្ថកិច្ចបង្ក្រាប ​សរុប៤៥៦៨ករណី​ ឃាត់មនុស្សជាង ១ម៉ឺននាក់ (ជនបរទេស១៩២នាក់ ៨សញ្ជាតិ) ។

ប្រភព ខាងលើបានបញ្ជាក់ថា រាល់សកម្មភាពបទល្មើសគ្រឿងញៀនទាំងអស់ ​សមត្ថកិច្ចកម្ពុជា តែងតែ​ចាត់វិធាន​ការទប់ស្កាត់គ្រប់កាលទេសៈ ក្នុងការបង្ក្រាបក្រុម​ឧក្រិដ្ឋ​គ្រឿងញៀនជាបន្តបន្ទាប់ ដែល​មួយខែៗ សមត្ថ កិច្ចគ្រប់លំដាប់ថ្នាក់របស់ប្រទេសកម្ពុជា​ បានខិតខំប្រឹង ប្រែងបង្ការ និងបង្ក្រាប​បទល្មើសគ្រឿងញៀនជាច្រើនករណី ​ព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនរាប់គីឡូក្រាមផងដែរ ។ នេះគឺជាការខិតខំប្រឹងប្រែងមួយរបស់សមត្ថ កិច្ច តែយ៉ាងណាក៏ដោយពួកឈ្មួញជួញដូរគ្រឿងញៀននៅតែប្រើល្បិចគ្រប់សកម្មភាពដើម្បីការរកស៊ីរបស់ពួកគេទទួលបានជោគជ័យ។

សមត្ថកិច្ច ជំនាញមន្ទីរប្រឆាំងគ្រឿងញៀន​ សូមសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចៀសឱ្យឆ្ងាយ​ពី​គ្រឿងញៀន​ កុំចង់សាកប្រើប្រាស់គ្រឿងញៀន ​ដោយត្រូវនិយាយថា ទេ ចំពោះគ្រឿង​ញៀនគ្រប់ប្រភេទ ៕ ដោយ៖ សូរិយា

រូបភាព៖ ឯកសារ


ចែករំលែក៖