ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ត្រីគន់គីម ៖ ជំនន់ទឹកភ្លៀងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ១០គ្រួសារ ក្នុងស្រុកអន្លង់វែង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ បើតាមការឱ្យដឹងពីទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា បន្ទាប់ពីមានភ្លៀងធ្លាក់រយៈពេលជិតមួយសប្តាហ៍ ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង មានការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ១០គ្រួសារ ដែលរស់នៅប្របតាមស្ទឹង និងទីទួលទំនាបមួយចំនួន។

ទេសរដ្ឋមន្រ្តីគន់ គីមបញ្ជាក់ថា យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក​ និងឧតុនិយម សង្កេតឃើញថា ខេត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ​ មានភ្លៀងបន្តធ្លាក់តែតំបន់មួយចំនួន ប៉ុន្តែ​ពុំទាន់​មានស្ថានភាពធ្ងន់ធ្ងរនោះទេ។ យ៉ាងណាក៏ដោយស្ថានភាពអាចនឹងធូរស្រាលបន្តិចទៅវិញនៅក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។

លោកទេសរដ្ឋមន្រ្តី បន្ថែមថា ភ្លាមៗបន្ទាប់ពីជំនន់ទឹក ភ្លៀងបង្កផលប៉ះពាល់​ផ្ទះសម្បែង​បងប្អូន​ប្រជាពលរដ្ឋ ​នោះមកយុវជនគណបក្សឃុំ​ និងស្រុកអន្លង់វែង ​បានសហការគ្នានាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​ជូនប្រជាពលរដ្ឋ ​ដើម្បីដោះស្រាយការលំបាកដោយសារបញ្ហាជំនន់ទឹកភ្លៀង។ នេះគឺជាអ្វីដែលអាជ្ញាធរនិងថ្នាក់ ដឹកនាំបានគិតគូររួចជាស្រេចដើម្បីជួយដល់ប្រជា ពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ទេសរដ្ឋមន្រ្តី ​គន់ គីម ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានណែនាំដល់កង ឯកភាព ​អាជ្ញាធរមូលដ្ឋាន​ និងយុវជនគណបក្សឃុំ និងស្រុក​ បន្តសហការគ្នា​ ចុះតាមដានជាប្រចាំនៅតំបន់ប្រជា ពលរដ្ឋរស់នៅ ឬផ្ទះសម្បែង​ប្រជាពលរដ្ឋក្បែរតំបន់ជន់លិចនោះ ​ដើម្បីត្រៀមអន្តរាគមន៍ជួយ ក្នុងករណីមានស្ថានភាព​ធ្ងន់ធ្ងរផងដែរ ៕

ដោយ៖ សូរិយា


ចែករំលែក៖